(ហ្សាការតា)៖ អាជ្ញាធរ​ឥណ្ឌូណេស៉ី​នាថ្ងៃព្រហស្បតិ៍នេះ​ បានរកឃើញ​ និងស្រង់យកប្រអប់ខ្មៅមួយ​ ក្នុងចំណោមប្រអប់ខ្មៅទាំងពីរ (Flight Data Recorder និង Cockpit Voice Recorder) របស់យន្តហោះ​អាកាសចរណ៍ក្នុងស្រុក Lion Air ដែលបានធ្លាក់ចូលក្នុងសមុទ្រ កាលពីថ្ងៃចន្ទដើម​​​សប្តាហ៍នេះ​ជាមួយមនុស្ស ១៨៩នាក់ នោះហើយ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី សារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។

ខណៈប្រតិបត្តិកា​ររុករក​បានឈានចូល​ដល់ថ្ងៃទី ៤ ប្រអប់ខ្មៅខាងលើត្រូវបានរកឃើញ និងស្រង់ចេញពី​ផ្ទៃសមុទ្រ​​នា​វេលា​ម៉ោង​ ១០៖១៥នាទី​ព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅតំបន់ដែល​​យន្តហោះធ្លាក់ ប៉ុន្តែមិនមានការបញ្ជាក់នៅ​ឡើយទេថា ជាប្រអប់ខ្មៅផ្ទុកទិន្នន័យ​​ហោះ​ហើរ ដែលគេ​ហៅថា Flight Data Recorder ឬក៏ប្រអប់ខ្មៅ​ផ្ទុកសំឡេង ដែលគេ​ហៅថា Cockpit Voice Recorder ។

គួរជម្រាបថា ក្រុមភ្នាក់ងារ​ជួយសង្រ្គោះនិងរុករក បានផ្តោតសំខាន់​ទៅលើការស្វែងរកប្រអប់ខ្មៅ​ទាំងពីររបស់យន្ត​ហោះ ខណៈដែល​​ក្រុមអ្នក​ស៉ើបអង្កេតកំពុង​ព្យាយាមកំណត់​មូលហេតុ ដែលបង្កឲ្យ​យន្តហោះ Boeing ស៊េរីថ្មីនេះធ្លាក់។ ដោយឡែក​ការស្វែងរកសាកសព​អ្នកដំណើរ និងសម្ភារៈជាច្រើន​នៃយន្តហោះ ក៏បាននិងកំពុងធ្វើ​ឡើងព្រមគ្នាដែរ​ឈានចូលដល់ថ្ងៃទី ៤ នៃ​ការរុករកនេះ៕