(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងបំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុងសេអ៊ូល ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសុន្ទរកថានៅចំពោះមុខសភាជាតិកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះលោក មូន បានលើកឡើងយ៉ាងដូច្នេះថា «ការបំពេញដំណើរទស្សនកិច្ចរបស់លោកប្រធាន គីម ជុងអ៊ុន មកកាន់ទីក្រុងសេអ៊ូល នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ... ហើយវានឹងក្លាយប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ឧបទ្វីបកូរ៉េ និងជាឱកាសមួយដែលយើងមិនអាចឱ្យរំលងហួសបាន»។
ទោះបីជាបែបនេះក្តី លោក មូន មិនបានញ្ជាក់លម្អិតពីកាលបរិច្ឆេទ នៃដំណើរទស្សនកិច្ចរបស់លោក គីម នោះទេ។ លោក គីម និងលោក មូន បានជួបគ្នាចំនួន ០៣ លើកមកហើយក្នុងឆ្នាំ២០១៨ ដោយកាលពីខែមេសា ខែឧសភា ជំនួបរវាងមេដឹកនាំទំាងពីរធ្វើឡើងនៅឯភូមិ ផាន់ម៉ុនចុម (Panmunjom) រីឯលើកចុងក្រោយធ្វើឡើងក្នុងទីក្រុងព្យុយ៉ាង កាលពីខែកញ្ញា៕