(ដាម៉ាស់)៖ កងកម្លាំងប្រជាធិបតេយ្យស៉ីរី (SDF) គាំទ្រដោយសហរដ្ឋអាមេរិក បានសម្រេចផ្អាកជាបណ្ដោះអាសន្ននូវ ប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងក្រុម ISIS នៅភាគខាងកើតប្រទេសស៉ីរី ក្រោយទទួលរងការវាយប្រហារតាមផ្លូវអាកាសជាបន្ត បន្ទាប់ពីយោធាតួកគី។ នេះបើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាម SOHR ប្រតិបត្តិការយោធាប្រឆាំងនឹង ISIS របស់កងកម្លាំងប្រជាធិបតេយ្យស៉ីរី នៅតាមតំបន់ទន្លេ អឺប្រាតស៍ (Euphrates) នៃភាគខាងកើតប្រទេសស៉ីរី ត្រូវបានផ្អាកជាបណ្ដោះអាសន្ន បន្ទាប់ពីពួកគេរងការវាយប្រហារពីយោធាតួកគី។ SOHR បានឱ្យដឹងទៀតថា កាលពីថ្ងៃពុធកន្លងទៅយោធាតួកគីបានដឹកនាំការវាយប្រហារតាមផ្លូវអាកាស លើទីតាំងជាច្រើនកន្លែងរបស់ ក្រុមអ្នកប្រយុទ្ធឃើដដឹកនាំដោយ SDF នៅឯខេត្ត អាយីន អាល់អារ៉ាប់ (Ayn al-Arab), កូបេន (Kobane) រួមទាំងខេត្ត តាល់អាប៊ីយ៉េដ (Tal Abya)d ស្ថិតនៅភាគខាងជើងប្រទេសស៉ីរី ដោយផ្ដាច់ជីវិតអ្នកប្រយុទ្ធឃើដ ០៤នាក់។
គួរបញ្ជាក់ថា កងកម្លាំង SDF បានដឹកនាំប្រតិបត្តិការវាយលុកទ្រង់ទ្រាយប្រឆាំង ISIS នៅក្នុងតំបន់ទន្លេ Euphrates ចាប់តាំង ពីថ្ងៃទី១០ ខែកញ្ញាមកម្លេះ។ ក៏ប៉ុន្តែ ពួកគេមិនអាចមិនទាន់អាចយកជ័យជម្នះលើពួក ISIS បាននៅឡើយទេ ហើយបែរជា បណ្ដាលឱ្យតំបន់មួយចំនួន ធ្លាក់ចូលកណ្ដាប់ដៃពួកនេះជាថ្មីម្ដងទៀតទៅវិញ៕