(ណៃរ៉ូប៊ី)៖ ខណៈប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសលោកខាងលិចមួយចំនួន កំពុងមមាញឹកយ៉ាងខ្លាំងក្នុងការបំផុសបំផុលទស្សនៈ «អន្ទាក់បំណុលរបស់ចិន» នោះ បណ្តាប្រទេសអាហ្វិ្រក ដែលទទួលបានអត្ថប្រយោជន៍រាប់មិនអស់ពីកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងភាគីទាំងពីរ តួយ៉ាងគឺកេនយ៉ាបានចេញមុខការពារ ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋាននេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានកេនយ៉ាន Daily Nation នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយស្ថានីយទូរទស្សន៍ CNN របស់សហរដ្ឋអាមេរិក ប្រធានាធិបតីកេនយ៉ា លោក អ៊ូហឺរូ កេនយ៉ាតតា (Uhuru Kenyatta) បានធ្វើការបកស្រាយទាក់ទិននឹងបញ្ហាខាងលើ។ នាឱកាសនោះ លោក Kenyatta បានលើកឡើងថា «ហេតុអ្វីបានជាអ្នករិះគន់ផ្តោតតែលើបំណុល ដែលកេនយ៉ាជំពាក់ចិន ខណៈធាតុពិតនោះ ប្រទេសឯទៀតៗក៏បានផ្តល់កម្ចីច្រើនសន្ធឹកសន្ធាប់ឲ្យប្រទេសលោកផងដែរ»?
លោក Kenyatta បានបន្ថែមថា កេនយ៉ាមានបំណុលក្នុងកម្រិតអាចគ្រប់គ្រងបាន ពីម្ចាស់កម្ចីច្រើនខុសៗគ្នា ដោយមានទាំងម្ចាស់កម្ចីបែបពហុភាគី ដូចជាធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាហ្វ្រិក និងម្ចាស់កម្ចីបែបទ្វេភាគីដូចជា ជប៉ុន ចិន និងបារាំង ដែលសុទ្ធតែកំពុងចូលរួមសហការដើម្បីជួយឲ្យប្រទេសរបស់លោក សម្រេចគោលដៅអភិវឌ្ឍន៍ផ្សេងៗ។ ក្រៅពីចិន ជប៉ុន និងបារាំង បានចូលរួមចំណែកយ៉ាងធំធេងក្នុងគោលដៅអភិវឌ្ឍន៍កំពង់ផែ និងបណ្តាញអគ្គិសនី នៅក្នុងប្រទេសកេនយ៉ា។
នៅពេលមានការចោទជាសំណួរថា ប្រទេសចិនប្រហែលជាអាចមានគោលដៅលាក់បាំងរឿងសម្ងាត់ ជុំវិញការផ្តល់ឥណទាន និងអាចប្រើប្រាស់បំណុល ដើម្បីជះឥទ្ធិពលទៅលើប្រទេសនៅតំបន់អាហ្រិ្វក លោកប្រធានាធិបតីកេនយ៉ា បានច្រានចោលការលើកឡើងទាំងអស់ដោយបញ្ជាក់ថា ប្រទេសលោកមានគោលដៅផ្ទាល់ខ្លួន និងស្វាគមន៍ជានិច្ចចំពោះប្រទេសៗនានា ដែលមានបំណងចង់ជួយកេនយ៉ា ឲ្យសម្រេចគោលដៅ៕