(ប៉ារីស)៖ អតីតប្រធានាធិបតីបារាំងលោក នីកូឡាស សាកូស៊ី (Nicolas Sarkozy) បានក្រើនរំលឹកប្រធានាធិបតីបច្ចុប្បន្ន លោក អែមម៉ានុយអែល ម៉ាក្រុង ឱ្យមានប្រុងប្រយ័ត្នចំពោះអំណាចសព្វថ្ងៃនៅក្នុងដៃរបស់លោក ដ្បិតលោកយល់ថា អំណាចគឺជាភាពគ្រោះថ្នាក់ធំបំផុត ហើយ វាអាចនឹងក្លាយជាថ្នាំញៀនអំណាចនៅថ្ងៃណាមួយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Le Figaro នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការកត់សម្គាល់ខាងលើរបស់លោក Sarkozy ធ្វើឡើងនៅក្នុងបទសម្ភាសន៍ដ៏វែងមួយ ជាមួយនឹងសារព័ត៌មានបារាំង លឺព័ង (Le Point) នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះលោក Sarkozy បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមិនមែនស្ថិតនៅក្នុងសមរភូមិនយោបាយទៀតទេ ហើយខ្ញុំក៏មិនចង់បានអំណាច ដើម្បីបន្តជីវិតទៀតនោះដែរ... ព្រោះខ្ញុំយល់យ៉ាងច្បាស់ថា វាមានភាពលំបាក ប៉ុន្មានដើម្បីធ្វើលទ្ធផលបោះឆ្នោតចេញមកតាមការរំពឹងទុក... ដូច្នេះប្រជាជនបារាំងគួរតែទុកពេលវេលាឱ្យគាត់ (លោក ម៉ាក្រុង) ហើយខ្ញុំប្រាថ្នាចង់បានតែអ្វីល្អសម្រាប់ប្រទេសបារាំង»។
ក៏ប៉ុន្តែទន្ទឹមគ្នានោះដែរ នៅពេលត្រូវបានអ្នកសារព័ត៌មាន Le Point សួរពាក់ព័ន្ធនឹងទស្សនវិស័យនយោបាយរបស់លោក អតីត ប្រធានាធិបតីបារាំងរូបនេះ បានក្រើនរំឭកលោក ម៉ាក្រុងថាអំណាចគឺមានគ្រោះថ្នាក់ ហើយថា វាអាចនឹងក្លាយជាថ្នាំញៀនអំណាចនៅថ្ងៃណាមួយ។
គួរបញ្ជាក់ថា បទសម្ភាសន៍របស់លោក Nicolas Sarkozy ធ្វើឡើងនៅក្នុងបរិបទប្រធានាធិបតីបារាំងរូបនេះ កំពុងជាប់ក្ដីក្ដាំក្នុងសំណុំរឿងហិរញ្ញវត្ថុ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីឆ្នាំ២០១២ និងការចោទប្រកាន់ថា បានទទួលប្រាក់រាប់លានអឺរ៉ូ ពីអតីតមេដឹកនាំលីប៊ីលោក ហ្កាដាហ្វី ទៅប្រើប្រាស់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីបារាំង កាលពីឆ្នាំ២០០៧៕