(ម៉ូស្គូ)៖ ខណៈការបោះឆ្នោតសកលនៅក្នុងប្រទេសលីប៊ីកាន់តែខិតជិតឈានចូលមកដល់ បេក្ខជនប្រធានាធិបតី លោក Aref Ali Nayed បានសន្យាថានឹងធ្វើឱ្យប្រទេសស្ថិតនៅក្នុងតំបន់អាហ្វ្រិកខាងជើងមួយនេះ ក្លាយទៅជាប្រទេសស្វីសទី២ នៅទ្វីបអាហ្វ្រិក បើសិនជាលោកជាប់ឆ្នោតជាប្រធានាធិបតីលីប៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការសន្យាខាងលើរបស់លោក Aref Ali Nayed ធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយសារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក Ali Nayed បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំនឹងធ្វើឱ្យលីប៊ីក្លាយទៅជា ប្រទេសស្វីសទី២នៅទ្វីបអាហ្រ្វិក...ខណៈបច្ចុប្បន្នក្រុមការងាររបស់ខ្ញុំកំពុងសិក្សាស្រាវជ្រាវពីប្រព័ន្ធរបស់ស្វីស ហើយខ្ញុំជឿជាក់ ថាយើងនឹងអាចផ្ដល់ឱ្យប្រជាជននៅគ្រប់តំបន់ និងទីក្រុងទាំងអស់នៃប្រទេសលីប៊ី នូវការរស់នៅដ៏ប្រសើរដូចជាប្រទេសស្វីស»។
ដោយឡែក នៅពេលត្រូវបានអ្នកសារព័ត៌មានសួរជុំវិញការចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតរបស់កូនប្រុសអតីតមេដឹកនាំ លីប៊ី លោកហ្កាដាហ្វី គឺលោក Saif al-Islam លោក Ali Nayed ក៏បានសង្កត់ធ្ងន់ដែរថាប្រជាជនលីប៊ីគ្រប់រូបមានសិទ្ធិចូលរួម ប្រកួតប្រជែង រីឯប្រជាជនលីប៊ីមានសិទ្ធិជ្រើសរើសអ្នកនយោបាយដែលខ្លួនពេញចិត្ត។
គួរបញ្ជាក់ថា បើតាមការគ្រោងទុក ការបោះឆ្នោតសកលនៅក្នុងប្រទេសលីប៊ី អាចនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នេះ ហើយវានឹងក្លាយជាការបោះឆ្នោតលើកដំបូងបំផុត គិតចាប់តាំងពីការដួលរលំនៃរបបដឹកនាំលោក ហ្កាដាហ្វី កាលពីឆ្នាំ ២០១១មក៕