​(សៀងហៃ)៖ ប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង បាននិយាយថា ការនាំចូល​ផលិតផល និងសេវាកម្មមកកាន់ប្រទេសចិន​ត្រូវបានវាយតម្លៃ​ថា នឹងកើនឡើងរហូតដល់ ៤០ទ្រីលានដុល្លារ (៤០លានលានដុល្លារ) ក្នុងរយៈពេល ១៥ឆ្នាំ ខាងមុខនេះ។ នេះបើតាមការ​ចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក ស៊ី ជិនពីង ធ្វើការកត់​សម្គាល់បែបនេះ ​នៅក្នុងឱកាស​នៃការថ្លែងសុន្ទរកថាបើក​ពិព័រណ៍នាំចូលចិន-​អន្តរជាតិ​ស្ដីពីការនាំចូល (China International Import Expo) ឬហៅកាត់ថា (CIIE) នៅឯមជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍ជាតិក្នុងទីក្រុង​សៀងហៃ នៅថ្ងៃចន្ទនេះ។ ថែ្លងនា​ឱកាសនោះ ប្រធានាធិបតីចិន​ ក៏បានបញ្ជាក់ដែរថា ការនាំចូលផលិតផល​នឹងកើនឡើងដល់ ៣០​ទ្រីលានដុល្លារ រីឯការនាំចូល​សេវាកម្ម​របស់ចិននឹងកើន​ឡើងដល់ ១០ទ្រីលានដុល្លារ ក្នុងរយៈពេល ១៥ឆ្នាំ ខាងមុខនេះ។

គួរបញ្ជាក់ថា បើតាម​លោក ស៊ី ជិនពីង ពិព័រណ៍ CIIE គឺជាពិព័រណ៍​លំដាប់ពិភពលោក​​ស្ដីពីការនាំចូល​ដោយមានការចូ​លរួមពីប្រទេស និងអង្គការអន្តរជាតិ​សរុបចំនួន ១៧២ ​ចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ចំណែកឯ​សហគ្រាស និងក្រុមហ៊ុន​ច្រើនជាង ៣,៦០០ ក៏បានចូលរួមក្នុងពិព័រណ៍នេះដែរ ដែលគ្រប់ដណ្ដប់​លើផ្ទៃ ៣០០,០០០​ម៉ែត្រក្រឡា៕