(សេអ៊ូល)៖ កងម៉ារីនកូរ៉េខាងត្បូង និងអាមេរិក ៥០០នាក់ បានចាប់ផ្ដើមធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយតូចមួយនៅថ្ងៃចន្ទនេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ត្រូវចូលរួមក្នុងកិច្ចប្រជុំជាមួយសមភាគីកូរ៉េខាងជើង ស្ដីពីការំសាយអាវុធនុយក្លេអ៊ែរ និងការរៀបចំជំនួបកំពូលជាលើកទី ២ រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
សមយុទ្ធយោធា Korean Marine Exchange Program គឺស្ថិតនៅក្នុងសមយុទ្ធយោធាត្រូវបានផ្អាកកាលពីខែមិថុនា កន្លងទៅបន្ទាប់ពីលោក ដូណាល់ ត្រាំ ជួបជាមួយលោក គីម ជុងអ៊ុន ក្នុងប្រទេសសិង្ហបុរី។ តែទោះជាយ៉ាងនេះក្ដី ក្រសួងការពារជាតិកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា បើទោះជាសមយុទ្ធទ្រង់ទ្រាយធំត្រូវផ្អាកក៏ដោយ ក៏សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនឹងបន្តធ្វើសមយុទ្ធទ្រង់ទ្រាយតូចនៅក្បែរបរិវេណ នៃតំបន់ភាគខាងត្បូងទីក្រុង ផូហាង (Pohang) ដដែល។
គួរជម្រាបថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ នឹងត្រូវជួបជាមួយសមភាគីកូរ៉េខាងជើង លោក គីម យ៉ុងចុល (Kim Yong Chol) ក្នុងជំនួបមួយនៅទីក្រុងញូយ៉ក នៅចុងសប្ដាហ៍នេះ ដើម្បីពិភាក្សាពីការំសាយអាវុធនុយក្លេអ៊ែរ និងការរៀបចំជំនួបកំពូលជាលើកទី ២ រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។
ក៏ប៉ុន្តែអ្វីដែលកត់សម្គាល់ គឺការធ្វើសមយុទ្ធយោធារវាង កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនៅពេលនេះ ធ្វើឡើងក្រោយកូរ៉េខាងជើងកាលពីសប្ដាហ៍មុនបានព្រមានថា ទីក្រុងព្យុងយ៉ាង អាចនឹងត្រឡប់ទៅរកគោលនយោបាយផលិតអាវុធនុយក្លេអ៊ែរវិញ បើទីក្រុងវ៉ាស៊ីនតោន មិនព្រមដកទណ្ឌកម្មទេនោះ៕