(ឡុងដ៍)៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ជែរេមី ហាន់ត៍ (Jeremy Hunt) នៅថ្ងៃចន្ទនេះបាននិយាយថា លោកនឹងជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) ធ្វើសកម្មភាពថ្មីមួយ ដើម្បីស្វែងរកដំណោះនយោបាយបញ្ចប់ជម្លោះ និងសង្រ្គាមរុំារ៉ៃនៅក្នុងប្រទេសយ៉េមែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
ប្រទេសយ៉េមែនបានធ្លាក់ខ្លួនទៅក្នុងភ្លើងសង្រ្គាម អស់រយៈពេលជាង ៤ឆ្នាំមកហើយ។ សង្រ្គាមនេះបានផ្ទុះឡើងរវាងក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ និងរដ្ឋាភិបាលយ៉េមែន ដែលមានក្រុមចំរុះអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងលោកខាងលិចគាំទ្រនៅ ពីក្រោយ។ ដោយឡែកជុំវិញវិបត្តិនេះដែរ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Jeremy Hunt បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃចន្ទនេះថា ក្រុមប្រឹក្សាសន្តិសុខ UN គួរតែធ្វើសកម្មភាព និងបង្កើនល្បឿនក្នុងការដំណើរការនៃកិច្ចចរចាស្វែងរកសន្តិភាព។
លោក Hunt បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សកម្មភាពដែលចក្រភពអង់គ្លេសនឹងត្រូវធ្វើ នៅឯក្រុមប្រឹក្សាសន្តិសុខ នឹងជួយសម្រួល ដល់ការសម្រេចឱ្យបាននូវវត្ថុបំណងបញ្ចប់ជម្លោះទាំងស្រុង នៅក្នុងប្រទេសយ៉េមែន តាមរយៈការស្វែងរកបទឈប់បាញ់ជា
អចិន្រ្តៃយ៍ ដែលភាគីជម្លោះទាំងអស់ត្រូវតែអនុវត្តន៍យ៉ាងពេញលេញ»។
គួរបញ្ជាក់ថា បើតាមប្រភពពីមន្ត្រីការទូត UN ជាច្រើននាក់ អង់គ្លេសនឹងធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីធ្វើសេចក្ដីព្រាងដំណោះស្រាយមួយ សំដៅបញ្ឈប់រាល់ការវាយប្រយុទ្ធនៅក្នុងប្រទេសយ៉េមែន ហើយការលើកឡើងនេះធ្វើឡើងបន្ទាប់ពី
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានអំពាវនាវកាលពីសប្ដាហ៍មុន ឱ្យមានការបទឈប់បាញ់មួយនៅយ៉េមែន៕