(ញូយ៉ក)៖ មូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ ឬហៅកាត់ថា UNICEF បានអំពាវនាវឱ្យគ្រប់ភាគីជម្លោះទាំងអស់ បញ្ឈប់ការវាយប្រហារយុទ្ធគ្នាជាបន្ទាន់ ហើយថែមទាំងបានចាត់ទុកផងដែរថាស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសយ៉េមែនគឺជា ឋានរកនៅលើដីសម្រាប់កុមារ ដែលកំពុងរងគ្រោះដោយសារភាពអត់ឃ្លាន។ នេះបើតាមលោក Geert Cappelaera ដកស្រង់ដោយសារព័ត៌មាន Le Figaro នៅថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Cappelaera ដែលជានាយកអង្គការ UNICEF ប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក ធ្វើការកត់សម្គាល់បែបនេះនៅក្នុង សន្និសីទសារព័ត៌មាននៅឯទីក្រុង Amman ប្រទេសហ្ស៊កដានី កាលពីថ្ងៃអាទិត្យ។ លោក Cappelaera បានលើកឡើង ដូច្នេះថា៖«យើងអំពាវនាវឱ្យគ្រប់ភាគីជម្លោះទាំងអស់នៅក្នុងប្រទេសយ៉េមែនបញ្ឈប់ការវាយប្រយុទ្ធគា្នជាបន្ទាន់ ហើយអង្គុយចរចាគ្នាស្វែងរកបទឈប់បាញ់ជាអចិន្ត្រៃយ៍មួយ ក្រោមការជួយជ្រោមជ្រែងពីបេសកជនពិសេសអង្គការសហប្រជាជាតិ...ខណៈ ប្រទេសយ៉េមែនសព្វថ្ងៃគឺជាឋាននរកនៅលើដីសម្រាប់កុមាររាប់លាននាក់ ដែលកំពុងរងគ្រោះដោយសារភាពអត់ឃ្លាន»។
សូមជម្រាបថា បើតាមលោក Cappelaera កុមានយ៉េមែនប្រហែលជា១,៨លាននាក់មានអាយុក្រោម០៥ឆ្នាំ កំពុងស្ថិតក្នុងស្ថានភាពខ្វះអាហាររូបត្ថម្ភធ្ងន់ធ្ងរ៕