(អង់ការ៉ា)៖ អារ៉ាប៊ីសាអូឌីត បានបញ្ជូនអ្នកជំនាញគីមី និងថ្នាំពុលមកកាន់ទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគី បន្ទាប់ពីលោក Jamal Khashoggi ត្រូវបានគេសម្លាប់ ក្នុងគោលបំណងបំផ្លាញភស្ដុតាងនៃអំពើឃាតកម្មដ៏រសើបនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ តួកគី ដកស្រង់ដោយសារព័ត៌មាន Al Jazeera នៅថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

សារព័ត៌មាន Sabah ដែលគាំទ្ររដ្ឋាភិបាលតួកគី បានរាយការណ៍នៅថ្ងៃចន្ទនេះថា អារ៉ាប៊ីសាអូឌីតបានបញ្ជូនសមាជិកក្រុម ជំនាញ១១នាក់ មកកាន់ទីក្រុងអ៉ីស្ដង់ប៊ូល កាលពីថ្ងៃ១១ ខែតុលា ពោលគឺ០៩ថ្ងៃ បន្ទាប់ពីលោក Khashoggi បានបាត់ខ្លួន ក្រោយចូលក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត។ Sabah ផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីតួកគី បានឱ្យដឹងទៀតថា
អ្នកជំនាញខាងគីមី លោក Ahmad Abdulaziz al-Janobi និងអ្នកជំនាញថ្នាំពុល លោក Khaled Yahya al-Zahrani បានស្ថិតក្នុងក្រុមអ្នកជំនាញទាំង១១នាក់លើ ដែលបានចុះត្រួតពិនិត្យក្នុងស្ថានកុងស៊ុលជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី១៧ ខែតុលា មុននឹងចាកចេញពីប្រទេសតួកគីនៅថ្ងៃទី២០ ខែតុលា។

ក៏ប៉ុន្តែ បើតាមសារព័ត៌មានតួកគីដដែល អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថាសេចក្ដីរាយការណ៍ថ្មីនេះអាចពន្យល់បានថាតើហេតុអ្វី បានជាអារ៉ាប៊ីសាអូឌីត មិនអនុញ្ញាតឱ្យប៉ូលិសតួកគីចុះត្រួតពិនិត្យក្នុងស្ថានកុងស៊ុលរបស់ខ្លួ​ន រហូតដល់ថ្ងៃទី១៥ ខែតុលា។

គួរបញ្ជាក់ថា លោក Jamal Khashoggi ជាអ្នករិះគន់លើគោលនយោបាយរបស់រដ្ឋាភិបាលទីក្រុងរីយ៉ាដ និងជាអ្នកកាសែតម្នាក់ មកពីសារព័ត៌មាន Washington Post ត្រូវបានគេរាយការណ៍ថាត្រូវបានគេសម្លាប់នៅក្រោយចូលស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួគកីកាលពីថ្ងៃទី០២ ខែតុលា។ ប៉ុន្តែមកទល់នឹងពេលនេះ គេមិនទាន់ដឹងថាសាកសពរបស់ លោកនៅទីណានោះទេ រីឯទីក្រុងរីយ៉ាដក៏បានបដិសេធជាបន្តបន្ទាប់ថាខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនេះឡើយ៕