(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មឡើងវិញទាំងស្រុង ទៅលើវិស័យថាមពល, ហិរញ្ញវត្ថុ និងវិស័យដឹកជញ្ជូនរបស់អ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បន្ទាប់ពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានដកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ ឆ្នាំ២០១៥ ហើយសហរដ្ឋអាមរិក បានប្តេជ្ញាចាត់វិធានការ បន្ថែមទៀត ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលទីក្រុង Tehran, នេះបើយោងតាមសារព័ត៌មាន CGTN ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី៥ ខែតុលានេះ។
ទណ្ឌកម្មលើកនេះ ដាក់ទៅលើបុគ្គល, ក្រុមហ៊ុន, យន្តហោះ និងនាវាជាង៧០០, ធនាគារអ៊ីរ៉ង់ និងសាខាចំនួន៥០, មនុស្សនិងនាវាជាង២០០ ក្នុងវិស័យដឹកជញ្ជូន និងមានគោលដៅ លើក្រុមហ៊ុនអាកាសចរណ៍ Iran Air ព្រមទាំងយន្តហោះរបស់ក្រុមហ៊ុន ជាង៦៤គ្រឿងផងដែរ។ រដ្ឋបាលរបស់លោកត្រាំ ក៏បានដាក់បញ្ចូលអង្គការថាមពលអាតូមិកអ៊ីរ៉ង់ និងសាខាចំនួន២៣ និងបុគ្គលសំខាន់ៗ ដែលជាប់ពាក់ព័ន្ធ ចូលទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួនផងដែរ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានប្តេជ្ញាថា សហរដ្ឋអាមេរិក នឹងធ្វើមិនឈប់ឈរ ក្នុងការដាក់សម្ពាធទៅលើអ៊ីរ៉ង់។
ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានលើកឡើងថា ពួកគេនឹងជៀសផុតពីទណ្ឌកម្មខុសច្បាប់ និងអយុត្តិធម៌ ដែលប្រឆាំងនឹងច្បាប់អន្តរជាតិនេះ។
សហភាពអឺរ៉ុប, បារាំង, អាល្លឺម៉ង់ និងចក្រភពអង់គ្លេស បានលើកឡើងថា ពួកគេសោកស្តាយ ចំពោះការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ហើយពួកគេនឹងស្វែងរកការការពារ ក្រុមហ៊ុនសហភាពអឺរ៉ុបទាំងអស់ ដែលកំពុងធ្វើអាជីវកម្មស្របច្បាប់ ជាមួយនឹងរដ្ឋាភិបាលទីក្រុង Tehran របស់អ៊ីរ៉ង់៕