(តែលអាវីវ)៖ រដ្ឋមន្ត្រីអ៉ីស្រាអែលទទួលបន្ទុកកិច្ចការទីក្រុងហ្សេរុយសាឡឹម លោក ហ្សេអេវ អ៊ែកឃីន (Ze'ev Elkin) បាននិយាយថា ការបញ្ជូនប្រព័ន្ធមីស៉ីលការពារដែនអាកាស S-300 ឱ្យប្រទេសស៉ីរី គឺជាកំហុសមួយដ៏ធំហើយថាអ៉ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីកម្ទេចប្រព័ន្ធមីស៉ីលមួយនេះ នៅក្នុងករណីដែលយន្ដហោះអ៉ីស្រាអែលត្រូវបានបាញ់ទម្លាក់ នៅក្នុងដែនអាកាសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Ze'ev Elkin ដែលជាសហប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអ៉ីស្រាអែល-រុស្ស៊ីដែរនោះ ធ្វើការកត់សម្គាល់ដូចខាងលើ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទសប្ដាហ៍នេះ។ លោក Elkin បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានចាត់ទុកថា ការបញ្ជូន S-300 ឱ្យស៉ីរីគឺជាកំហុសមួយដ៏ធំ... ហើយបើសិនជាប្រព័ន្ធមីស៉ីលនេះ ត្រូវបានគេប្រើប្រាស់ដើម្បីបាញ់ទម្លាក់យន្ដហោះយោធា ឬយន្ដហោះពាណិជ្ជកម្មរបស់អ៉ីស្រាអែល នោះយើងនឹងបើកការវាយប្រហារកម្ទេច S-300 នេះចោលតែម្តង»។
គួរជម្រាបថា ប្រព័ន្ធមីស៉ីល S-300 ត្រូវបានបញ្ជូនទៅកាន់ប្រទេសស៉ីរី ក្រោយប្រព័ន្ធមីស៉ីល S-200 បានបាញ់ទម្លាក់យន្ដហោះ យោធារុស្ស៊ី Il-20 មួយគ្រឿង អំឡុងពេលបាញ់ប្រហារលើយន្ដហោះចម្បំាងអ៉ីស្រាអែល F-16 ចំនួន ០៤គ្រឿង។ ក៏ប៉ុន្តែទីក្រុងម៉ូស្គូអះអាងថា យន្ដហោះចម្បាំងអ៉ីស្រាអែលបានប្រើប្រាស់យន្ដហោះយោធារុស្ស៊ី ដើម្បីគេចពីការវាយប្រហារ ដែលបានផ្ដាច់ជីវិតយោធារុស្ស៊ី ១៥នាក់ រីឯ S-300 ត្រូវបានប្រគល់ឱ្យស៉ីរីទាំងស្រុងនៅថ្ងៃទី០២ ខែតុលា៕