(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីបានឲ្យដឹងថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ យន្តហោះចម្បាំងរុស្ស៉ីមួយគ្រឿងធុន Su-27 បានហោះស្កាត់យន្តហោះយោធាធុន EP-3E Aries របស់អាមេរិកនៅលើសមុទ្រខ្មៅក្បែរដែនអាកាសរុស្ស៉ី ខណៈទីក្រុងវ៉ាស៉ីនតោនបានអះអាងថា យន្តហោះរុស្ស៉ីបានហោះមកកៀកយន្តហោះខ្លួនខ្លាំង នៅលើដែនអាកាសអន្តរជាតិ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
ជុំវិញហេតុការណ៍នេះ យោធាអាមេរិកបានហៅសកម្មភាពរបស់យន្តហោះចម្បាំងរុស្ស៉ីថា ជាទង្វើគ្រោះថ្នាក់បំផុត ដោយសារតែយន្តហោះនោះបានហោះមកឆាបចំពីមុខយន្តហោះរបស់ខ្លួន ដែលអាចធ្វើឲ្យអាកាសយានិក និងសហសេវិកនៅលើនោះមានគ្រោះថ្នាក់បាន។ ដោយឡែកក្រសួងការពារជាតិរុស្ស៉ីបានលើកឡើងថា យន្តហោះចម្បាំង Su-27 បានហោះអមយន្តហោះអាមេរិក ចេញពីដែនអាកាសរុស្ស៉ីដោយស្របទៅតាមក្បួនខ្នាតសន្តិសុខ និងសុវត្ថិភាពត្រឹមត្រូវ។
គួរជម្រាបថា បើតាមការអះអាងរបស់ក្រសួងការពារជាតិអាមេរិក យន្តហោះយោធា EP-3 កំពុងតែធ្វើប្រតិបត្តិការប្រចាំថ្ងៃ នៅពេលដែលហេតុការណ៍ខាងលើបានកើតឡើង ដោយពុំមែនជាការចង់បង្ករឿង ឲ្យមានការឆ្លើយតបពីរុស្ស៉ីឡើយ។ តំបន់ដែនសមុទ្រខ្មៅ(Black Sea) ត្រូវបានគេដឹងថា ជាទីតាំងឈរជើងមួយរបស់រុស្ស៊ីយ៉ាងរឹងមាំ ហើយសហរដ្ឋអាមេរិកក៏ព្យាយាមបង្កើនវត្តមានរបស់ខ្លួននៅទីនោះផងដែរ ដើម្បីទប់ទល់ឥទ្ធិពលផ្តាច់មុខរបស់រុស្ស៊ី៕