(តូក្យូ)៖ អត្រាប្រជាជនវ័យក្មេងជប៉ុនធ្វើអត្តឃាត បានកើនឡើងខ្ពស់ ក្នុងរយៈពេលជាង ៣ ទសវត្សរ៍មកនេះ។ នេះបើតាមស្ថិតិពីក្រសួងអប់រំជប៉ុន ដកស្រង់ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្រសួងអប់រំជប៉ុននៅក្នុងរបាយការណ៍របស់ខ្លួន គិតក្នុងឆ្នាំសារពើពន្ធ ២០១៦-២០១៧ រហូតដល់ខែមីនា ឆ្នាំ២០១៨ នេះបានបញ្ជាក់ថា ប្រជាជនវ័យក្មេងជប៉ុន ២៥០នាក់ ចាប់ពីថ្នាក់បឋមរហូតដល់ថ្នាក់វិទ្យាល័យ បានផ្ដាច់ជីវិតខ្លួនឯង ខណៈចំនួននេះ មានច្រើនជាង ៥ដង បើធៀបទៅនឹងឆ្នាំ២០១៧ និងស្ថិតក្នុងអត្រាខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ១៩៨៦ មក។ បន្ថែមពីលើនេះ របាយការណ៍ដដែលក៏បានឱ្យដឹងដែរថា បញ្ហាគ្រួសារ ការបារម្ភពីអនាគត និងសម្ពាធនានា គឺជាមូលហេតុនៅពីក្រោយការធ្វើអត្តឃាត របស់ប្រជាជនជប៉ុនទាំងនេះ។
តែទោះជាយ៉ាងនេះក្ដី សាលារៀនជាច្រើនបានអះអាងថា មូលហេតុនៅពីក្រោយការធ្វើអត្តឃាតរបស់សិស្ស ១៤០នាក់ មិនទាន់ ត្រូវបានគេកំណត់ឱ្យច្បាស់លាស់នោះទេ ដោយសារតែពួកគេមិនបានបន្សល់ទុកកំណត់ហេតុណាមួយឡើយ ដោយគ្រាន់តែគេដឹងថា សិស្សវិទ្យាល័យមានអត្រាធ្វើអត្តឃាតខ្ពស់ជាងគេ ក្នុងចំណោមអ្នកធ្វើអត្តឃាតទាំងអស់។
គួររំលឹកថា បើតាមអង្គការសុខភាពពិភពលោក (WHO) ជប៉ុនមានអត្រាប្រជាជនធ្វើអត្ដឃាតខ្ពស់បំផុតក្នុងឆ្នាំ២០១៥ ប៉ុន្តែ ក្រោយមានវិធានការទប់ស្កាត់ ចំនួននេះហាក់ដូចជាបានធ្លាក់ចុះពី ៣៤,៥០០នាក់ ក្នុងឆ្នាំ២០០៣ មកនៅត្រឹម ២១,០០០នាក់ ក្នុងឆ្នាំ២០១៧៕