(វ៉ាស៉ីនតោន)៖ ក្រុមមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង នឹងបំពេញទស្សនកិច្ចនៅទីក្រុងញូយ៉ក នាសប្តាហ៍នេះ ខណៈរដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នឹងបើកកិច្ចទទួលស្វាគមន៍មួយជាផ្លូវការ ចំពោះគណប្រតិភូកូរ៉េខាងជើង នៅឯទីក្រុងញូយ៉កនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា លោក Pompeo នឹងទទួលជួបលោក គីម យ៉ុងចុល (Kim Yong Chol) ដែលជាអនុប្រធានគណៈកម្មាធិការមជ្ឈិមបក្សកាន់អំណាចកូរ៉េខាងជើង។ ប្រធានបទនៃកិច្ចប្រជុំដែលជាលើកទីពីររវាង លោក Pompeo និងលោក Kim Yong Chol នេះ នឹងពាក់ព័ន្ធលើវឌ្ឍនភាពជុំវិញសសរស្តម្ភទាំង ៤ នៃសេចក្តីថ្លែងការណ៍រួមក្នុងកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង នៅឯប្រទេសសិង្ហបុរី។
គួរជម្រាបថា ចាប់តាំងពីជំនួបលើកដំបូងរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា កិច្ចចរចារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ហាក់កំពុងមានការជាប់គាំងដោយសារតែការខ្វែងគំនិតគ្នា ជុំវិញទំហំនៃការរំសាយអាវុធនុយក្លេអ៊ែរ ការដាក់ទណ្ឌកម្មរបស់អាមេរិក និងការសម្រេចថា តើគួរតែចេញសេចក្តីប្រកាសបញ្ចប់សង្រ្គាមជាផ្លូវការនៅឧបទ្វីបកូរ៉េដែរ ឬយ៉ាងណា៕