(ញូដេលី)៖ ក្រុមហ៊ុនផលិតបរិក្ខាអេឡិចត្រូនិចដ៏ធំរបស់ចិន មីឌាគ្រុប (Midea Group) បានចាប់ផ្ដើមសាងសង់សួនឧទ្យានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាមួយនៅក្នុងភាគខាងលិច ប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្រុមហ៊ុន Midea Group នៅថ្ងៃចន្ទសប្ដាហ៍នេះបានឱ្យដឹងថា ខ្លួននឹងវិនិយោគប្រាក់ ១៨៤.៦៣លានដុល្លារ សម្រាប់រយៈពេល ០៥ឆ្នាំ ក្នុងការសាងសង់សួនឧទ្យានវិទ្យាសាស្ត្រ នៅឯទីក្រុង អាម៉េដណាហ្គា (Ahmednagar) នៃរដ្ឋ មហារ៉ាស្ត្រា (Maharashtra) ភាគខាងលិចប្រទេសឥណ្ឌា។
ដោយឡែកនៅក្នុងរយៈពេលមួយទសវត្សរ៍មកនេះ ក្រុមហ៊ុន Midea ត្រូវបានគេវាយតម្លៃថា បានទទួលប្រាក់ចំណូលយ៉ាងច្រើន តាមរយៈគំរោងតម្លៃម៉ាស៊ីនត្រជាក់ខ្នាតយក្ស នៅតាមពហុកីឡដ្ឋានចំនួន ១២ ដែលទទួលរៀបចំកីឡាអូឡាំពិកទីក្រុង រីយ៉ូ (Rio) ប្រទេសប្រេស៊ីល កាលពីឆ្នាំ២០១៦ និង ០៩គ្រឿង ក្នុងចំណោមពហុកីឡាដ្ឋានសម្រាប់ព្រឹត្តិការណ៍ World Cup។
គួរបញ្ជាក់ថា សួនឧទ្យានវិទ្យាសាស្ត្រខាងលើត្រូវបានគេរំពឹងថា ចាប់ផ្ដើមដំណើរការពីឆ្នាំ២០២០ ព្រមទាំងមានសមត្ថភាព ផលិតទូរទឹកកក ម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនចំរុះទឹកស្អាត និងទឹកក្ដៅ ៥០០,០០០គ្រឿង ម៉ាស៊ីត្រជាក់ ១.៥លានគ្រឿង និងម៉ាស៊ីនត្រជាក់នៅតាមក្រុមហ៊ុន ២៥០,០០០គ្រឿង ក្នុងមួយឆ្នាំៗ៕