(ប៉ារីស)៖ មនុស្ស០៦នាក់ត្រូវបានអាជ្ញាធរបារាំងចាប់ខ្លួន ក្នុងក្របខណ្ឌនៃការស៉ើបអង្កេតបឋមជុំវិញការរៀបចំផែនការ
វាយប្រហារលើប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង។ នេះបើតាមប្រភពពីមន្ត្រីបារាំងម្នាក់ដឹងពីការស៉ើបអង្កេត ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
មន្ត្រីខាងលើដដែល ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងទៀតថា កងកម្លាំងសន្តិសុខបារាំងបានឃាត់ខ្លួនមនុស្ស
០៦នាក់ នៅថ្ងៃអង្គារនេះ ដោយសង្ស័យថាពួកគេមានចាប់ពាក់ព័ន្ធនឹងការរៀបចំផែនការវាយប្រហារលើលោក ម៉ាក្រុង។ ដោយឡែក ជុំវិញការចាប់ខ្លួននេះដែរ ស្ថានីយទូរទស្សន៍បារំាង BFM TV បានរាយការណ៍ថាជនសង្ស័យទាំង០៦នាក់គឺជា
សមាជិកក្រុមអ្នកស្ដាំនិយមដោយមិនបានបញ្ជាក់អ្វីលម្អិតនោះទេ។ ក៏ប៉ុន្តែ កាលពីថ្ងៃអាទិត្យ លោក ម៉ាក្រុងផ្ទាល់ធ្លាប់បានព្រមាន ថាចលនាអ្នកស្ដាំនិយមនៅអឺរ៉ុប កំពុងដើរលើផ្លូវដូចដែលហ៊ីត្លែរ និងអតីតមេដឹនាំអ៉ីតាលី លោក មូសស៊ូលីនី ធ្លាប់ធ្វើកាលពីឆ្នាំ ១៩៣០។
គួរបញ្ជាក់ថា ជនសង្ស័យទាំង០៦ខាងលើ ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការវាយឆ្មក់ដាច់ដោយឡែកពីគ្នា នៅក្នុងតំបន់ Isere ស្ថិតនៅភាគអាគ្នេយ៍ទីក្រុងលីយ៉ុង តំបន់ Moselle ស្ថិតនៅជាប់ព្រំដែនជាមួយអាល្លឺម៉ង់ និងលុចហ្សំបួរ ព្រមទាំងតំបន់ Ille-et-Vilaine នៃភាគពាយព្យក្បែរទីក្រុង Rennes៕