(ហ្សាការតា)៖ ក្រុមអ្នកស៉ើបអង្កេតឥណ្ឌូណេស៉ី បានឱ្យដឹងថាកុងទ័រល្បឿននៃយន្ដហោះ Boeing 737 Max របស់ក្រុមហ៊ុន អាកាសចរណ៍ Lion Air ដែលបានធ្លាក់ចូលសមុទ្រកាលពីសប្ដាហ៍មុន បានរងការខូចខាតតាំងតែពីអំឡុងពេលហោះហើរ៤ លើកចុងក្រោយមកម្លេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
គណៈកម្មាធិការជាតិសុវត្ថិភាពដឹកជញ្ជូនឥណ្ឌូណេស៉ី ក៏បានបញ្ជាក់ថា ការអះអាងពីបញ្ហាកុងទ័រល្បឿននៃយន្ដហោះ Boeing 737 Max ត្រូវបានធ្វើឡើងដោយសំអាងលើទិន្នន័យទាញយកចេញពីទិន្នន័យហោះហើរ (flight data recorder) របស់ យន្ដហោះមួយនេះ។ ក៏ប៉ុន្តែខាងអាជ្ញាធរអាមេរិក និងក្រុមហ៊ុន Boeing មិនបានទទួលស្គាល់ពីការអះអាងនេះឡើយ រីឯក្រុមអ្នកស៉ើបអង្កេតឥណ្ឌូណេស៉ីផ្ទាល់ក៏មិនទាន់បានបញ្ចេញរបាយការណ៍ណាមួយពាក់ព័ន្ធបញ្ហាខូចកុងទ័រល្បឿនយន្ដហោះ នេះដែរ។ លើសពីនេះទៅទៀត មកទល់នឹងពេលនេះ ទាំងក្រុមហ៊ុន Boeing និងអាជ្ញាធរឥណ្ឌូណេស៉ី មិនបានបញ្ជាក់លម្អិតថា តើមូលហេតុដែលធ្វើឱ្យយន្ដហោះ Boeing 737 Max ធ្លាក់គឺបណ្ដាលមកពីបញ្ហាបច្ចេកទេស ឬកង្វះការត្រួតពិនិត្យ ឬក៏យ៉ាងណានោះទេ។
សូមជម្រាបថា យន្ដហោះ Boeing 737 MAX 8 មានជើងហោះហើរលេខ Flight JT-610 របស់ក្រុមហ៊ុន Lion Air ត្រូវបានគេរាយការណ៍ថាបានធ្លាក់នៅក្នុងដែនសមុទ្រនៃកោះ ការ៉ាវ៉ាង (Karawang) ស្ថិតនៅលើខេត្តជ្វា ក្រោយហោះឡើងបាន ១៣នាទីចេញពីទីក្រុងហ្សាការតា ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ទីក្រុង Pangkal Pinang លើកោះ Bangka នៃប្រជុំកោះ ស៊ូម៉ាត្រា។ យន្ដហោះនេះមានផ្ទុកមនុស្សសរុប១៨៩នាក់ក្នុងនោះមានមនុស្សវ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៦នាក់ផ្សេងទៀត៕