(សេអ៊ូល)៖ ក្រុមហ៊ុនផលិតរថយន្តកំពូលៗទាំងពីរប្រចាំកូរ៉េខាងត្បូង គឺ Hyundai និង Kia បានប្រកាសឲ្យដឹងពីគម្រោងវិនិយោគក្នុងទឹកប្រាក់ទំហំ ២៥០លានដុល្លារ ទៅលើក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មធ្វើដំណើរ ឈានមុខគេបង្អស់នៅតំបន់អាស៉ីអាគ្នេយ៍។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
Hyundai Motor និង Kia Motors ដែលស្ថិតក្រោមសម្ព័ន្ធក្រុមហ៊ុន Hyundai Motor Group ដែលធំជាងគេទីពីរនៅកូរ៉េខាងត្បូង បានសម្រេចចាប់ដៃគូជាមួយក្រុមហ៊ុន Grab ដើម្បីដំណើរការសាកល្បងនូវគម្រោងរថយន្តដើរដោយថាមពលអគ្គិសនី ហៅថា EV នៅក្នុងតំបន់អាស៉ីអាគ្នេយ៍។
ជាជំហ៊ានដំបូងនៃភាពជាដៃគូនេះ ដែលមានគោលដៅបង្កើនការងាកទៅរកក៏ដូចជាការយល់ដឹងពី EV នៅអាស៉ីអាគ្នេយ៍ Hyundai បានគ្រោងនឹងផ្គត់ផ្គង់រថយន្ត EV ប្រមាណ ២០០គ្រឿង ដើម្បីឲ្យក្រុមហ៊ុន Grab ចាប់ផ្តើមផ្តល់សេវាកម្មធ្វើដំណើរនៅប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០១៩។
ជុំវិញគម្រោងវិនិយោគនេះ សម្ព័ន្ធក្រុមហ៊ុន Hyundai Motor Group បានលើកឡើងថា អាស៉ីអាគ្នេយ៍ គឺជាទីផ្សាកំពុងរីកលូតលាស់យ៉ាងធំមួយសម្រាប់ EV ខណៈក្រុមហ៊ុន Grab ដែលមានភាពពេញនិយមនៅក្នុងតំបន់ និងអតិថិជនច្រើនថែមទៀតនោះ គឺជាដៃគូដ៏មានតម្លៃ ដែលនឹងជួយដល់ការងាកទៅប្រើប្រាស់រថយន្តអេឡិចត្រូនិចនៅអាស៉ីអាគ្នេយ៍៕