(វ៉ាស៉ីនតោន)៖ ទីបំផុតគណបក្សប្រជាធិបតេយ្យ បានគ្រប់គ្រងសភាតំណាងរាស្ត្រអាមេរិកហើយ ខណៈគណបក្សសាធារណរដ្ឋជាអ្នកគ្រប់គ្រងព្រឹទ្ធសភា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការិយាល័យបោះឆ្នោតច្រើនជាងពាក់កណ្ដាលក្នុងចំណោមរដ្ឋទាំង ៥០ បានចាប់ផ្ដើមបិទទា្វររាប់សន្លឹកឆ្នោត នៅថ្ងៃអង្គារនេះ (ម៉ោងនៅសហរដ្ឋអាមេរិក)។ ការបោះឆ្នោតសភាអាមេរិកពាក់កណ្ដាលអាណត្តិ (ព្រឹទ្ធសភា និងរដ្ឋសភា) ប្រជាជនអាមេរិកត្រូវបោះឆ្នោតជ្រើសសមាជិកសភាទាំង ៤៣៥រូប និងសមាជិកព្រឹទ្ធសភា ៣០រូប ក្នុងចំណោមបេក្ខភាពសមាជិកសភា ១០០នាក់ រីឯអភិបាលរដ្ឋក៏នឹងត្រូវបានជ្រើសរើសក្នុងរដ្ឋ ៣៦ នៃរដ្ឋចំនួន ៥០ ផងដែរ។
ក៏ប៉ុន្តែការបោះឆ្នោតនេះមិនត្រឹមតែកំណត់ថា តើបក្សប្រជាធិបតេយ្យ ឬក៏បក្សសាធារណរដ្ឋជាអ្នកគ្រប់គ្រងសភាអាមេរិកនោះប៉ុណ្ណោះទេ តែវាក៏នឹងកំណត់ផងដែរថា លោក ដូណាល់ ត្រាំ នឹងមានអំណាចកាន់តែខ្លាំង ឬត្រូវកាត់បន្ថយអំណាច។
លើសពីនេះទៅទៀត សម្រាប់ការឈ្នះនៃគណបក្សប្រជាធិបតេយ្យ នៅក្នុងបោះឆ្នោតនេះ វាមានន័យថា ភាពជាប្រធានាធិបតីអាមេរិករបស់លោក ដូណាល់ ត្រាំ អាចនឹងត្រូវសើរើឡើងវិញ ដ្បិតអ្នកប្រជាធិបតេយ្យមួយចំនួនធ្លាប់សន្យាថា នឹងដំណើរការនីតិវិធីទម្លាក់លោក ដូណាល់ ត្រាំ ពីតំណែង។
គួរបញ្ជាក់ថា បើតាមលទ្ធផលមិនទាន់ផ្លូវការ គណបក្សប្រជាធិបតេយ្យកំពុងនាំមុខនៅក្នុងសភា រីឯគណបក្សសាធារណរដ្ឋកំពុងនាំមុខនៅក្នុងព្រឹទ្ធសភា។ បន្ទាប់ពីការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ គណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ គឺជាអ្នកគ្រប់គ្រងសភាទាំងពីររបស់សហរដ្ឋអាមេរិក៕