(ហូឡង់)៖ ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់នៃប្រទេសហូឡង់ (AIVD) បានចេញរបាយការណ៍មួយឲ្យដឹងថា ក្រុមភេរវករ ISIS នៅមជ្ឈិមបូព៌ា បាននិងកំពុងប្រើប្រាស់តួកគីធ្វើជាមូលដ្ឋានយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីប្រមែប្រមូលកម្លាំងឡើងវិញ ដែលវាគឺជាការគំរាមកំហែងធំមួយសម្រាប់សន្តិសុខនៅអឺរ៉ុប។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Stockholm Center for Freedom នៅយប់ថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
នៅក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ទីភ្នាក់ងារ AIVD បានលើកឡើងថា ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងនៅប្រទេសស៉ីរី តួកគីគឺជាចំណុចដែលក្រុមសកម្មប្រយុទ្ធមកពីគ្រប់ទិសទីជុំវិញពិភពលោក ក្នុងចំនួនច្រើនមិនធ្លាប់មាន បានយកធ្វើជាឈ្នាន់ដើម្បីឆ្លងចូលទៅស៉ីរី។
គួរជម្រាបថា បើតាមទីភ្នាក់ងារចារកម្មហូឡង់ រដ្ឋាភិបាលតួកគីពុំចាត់ទុកក្រុមភេរវករនេះ ជាការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួនឡើយ ហើយភាពមិនស៉ីចង្វាក់គ្នារវាងតួកគីនិងអឺរ៉ុបជុំវិញការបង្រ្កាបអំពើភេរវកម្មនេះ គឺជាបញ្ហាចោទយ៉ាងសំខាន់មួយ។ ទីភ្នាក់ងារ AIVD បានសង្កត់ធ្ងន់ក្នុងរបាយការណ៍ខាងលើថា តួកគីមិនមានវិធានប្រឆាំងក្រុម ISIS ទេ ប៉ុន្តែផ្តោតអាទិភាពសំខាន់ទៅលើការប្រយុទ្ធប្រឆាំងជាមួយក្រុមសកម្មប្រយុទ្ធឃើដទៅវិញ៕