(ម៉ូស្គួ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក S​ergey Lavrov បានឱ្យដឹងថាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ បានទទួលស្គាល់ ជាផ្លូវការហើយពីការឈានដល់កិច្ចព្រមព្រៀងមួយស្ដីពីជំនួបរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅអំឡុងកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសអាហ្សង់ទីន នៅចុងខែវិច្ឆិកានេះ​។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ លោក Lavrov បានលើកឡើងដូច្នេះថា៖ «នៅថ្ងៃនេះ កិច្ចព្រមព្រៀង មួយត្រូវបានធ្វើឡើងលើការរៀបចំជំនួបរវាងលោកប្រធានាធិបតីពូទីន និងលោកប្រធានាធិបតីត្រាំ នៅអំឡុងកិច្ចប្រជុំកំពូល G20​ ដែលនឹងត្រូវប្រពឹត្តទៅនៅចុងខែវិច្ឆិកានេះក្នុងប្រទេសអាហ្សង់ទីន»

សូមជម្រាបថា លោក ដូណាល់ ត្រាំ ធ្លាប់បានអះអាងថាជំនួបរវាងលោក និងលោក ពូទីន ក្នុងទីក្រុងប៉ារីស ក្នុងឆាប់ៗនេះទំនង ជាមិនអាចកើតឡើងឡើយ តែលោកបានបញ្ជាក់ពីបំណងចង់ជួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្ស៊ី ក្នុងកិច្ចប្រជុំ G20 ​នៅអាហ្សង់ទីន៕