(តៃប៉ិ)៖ នៅក្នុងឱកាសនៃពិធីដាក់សម្ពោធនាវាចម្បាំងថ្មីចំនួន០២គ្រឿងនាថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានប្រកាសថា កោះតៃវ៉ាន់នឹងគ្មានថ្ងៃបោះជំហានថយក្រោយ ក្នុងការកិច្ចខិតខំការពារដែនដីក៏ដូចជាសេរីភាពរបស់ខ្លួនដាច់ខាត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
នាវាចម្បាំងថ្មីទាំងពីរគ្រឿង ដែលជាប្រភេទ Perry-class មានបំពាក់មីស៊ីលប្រដេញ និងផលិតឡើងដោយសហរដ្ឋអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៅឯមូលដ្ឋាន Zuoying ក្នុងទីក្រុង Kaohsiung ភាគខាងត្បូងកោះតៃវ៉ាន់ ហើយពួកវានឹងត្រូវធ្វើប្រតិបត្តិការល្បាតនៅច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្លូវទឹកខណ្ឌចែកដែនដីកោះនេះនិងប្រទេសចិន។
គួរជម្រាបថា ការបន្ថែមនាវាចម្បាំងថ្មីរបស់តៃវ៉ាន់ បានកើតមានឡើង នៅចំពោះមុខការបង្កើនសកម្មភាពសមយុទ្ធយោធារបស់ចិន រួមមានដូចជាការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅចក្រសមុទ្រតៃវ៉ាន់ កាលពីខែមេសាកន្លងទៅជាដើម៕