(អាហ្រ្វិក)៖ ចំនួនករណីអេបូឡា (Ebola) នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានកើនដល់ចំនួន២៩១ ដោយក្នុងនោះមនុស្ស២០១នាក់បានស្លាប់ដោយសារតែជំងឺកាចសាហាវនេះ។ នេះបើតាមការឲ្យដឹងពីក្រសួងសុខាភិបាលកុងហ្គោ ដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាមសេចក្តីថ្លែងការណ៍នាថ្ងៃសៅរ៍សប្តាហ៍នេះរបស់ក្រសួងខាងលើ ករណីអេបូឡាចំនួន៣២៦ករណី ត្រូវគេរាយការណ៍នៅខេត្ត North Kivu និង Ituri ដោយក្នុងនោះ២៩១ករណី ត្រូវបានទទួលស្គាល់ថា ជាករណីជំងឺអេបូឡាប្រាកដមែន។ អាជ្ញាធរសុខាភិបាលកុងហ្គោ បានបញ្ជាក់ថា ចំណាត់ការឆ្លើយតបចំពោះការរីករាតត្បាតនៃជំងឺនេះនាពេលបច្ចុប្បន្ន កំពុងប្រឈមនឹងបញ្ហាលំបាកខ្លាំង ដោយសារអស្ថិរភាពសន្តិសុខ ក្នុងតំបន់ដែលរងការវាយប្រហារពីជំងឺនេះ។
គួរជម្រាបថា អេបូឡា ជាជំងឺឆ្លងពីសត្វទៅមនុស្ស និងត្រូវអង្គការសុខាភិបាលពិភពលោក WHO ប៉ាន់ប្រមាណថាមានអត្រារស់តែ៥០ភាគរយប៉ុណ្ណោះ។ ឈ្មោះថា Ebola នេះ បានមកពីឈ្មោះទន្លេរបស់កុងហ្គោ ដែលនៅក្បែរទីតាំងដែលវីរុសនេះ ត្រូវបានរកឃើញជាលើកដំបូង ដោយក្រុមអ្នកស្រាវជ្រាវដឹកនាំដោយសាស្រ្តាចារ្យជនជាតប៊ែលហ្សិកឈ្មោះ Peter Piot កាលពីឆ្នាំ១៩៧៦៕