(សេអ៊ូល)៖ កូរ៉េខាងត្បូង និងកូរ៉េខាងជើង បានចាប់ផ្ដើមរំលាយប៉ុស្តិ៍យាមល្បាតចំនួន២០ នៅតាមបណ្ដោយព្រំដែនរបស់ខ្លួនហើយ ក្រោមផែនការកាត់បន្ថយភាពតានតឹងផ្នែកយោធា រវាងបងប្អូនកូរ៉េទាំងពីរ បើទោះជាទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៉ីនតោន ហាក់ដូចជាមានភាពល្អក់កករឡើងវិញក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្រោមកិច្ចព្រមព្រៀងធ្វើឡើងរវាងយោធាកូរ៉េទាំងពីរ កាលពីចុងខែតុលាកន្លងទៅ កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានឯកភាពគ្នាថា នឹងរំលាយប៉ុស្តន៍យាមល្បាតចំនួន១០រៀងៗខ្លួន។ ការបំផ្លាញប៉ុស្តន៍យាមល្បាតនេះទៀតសោត ត្រូវបានធ្វើឡើងកាលពី ថ្ងៃអាទិត្យនៅឯតំបន់ព្រំដែនគ្មានយោធា ដែលពុះចែកប្រទេសកូរ៉េជាពីរ។
ក៏ប៉ុន្តែទន្ទឹមគ្នាដែលទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាងមានទំនាក់ទំនងកាន់តែប្រសើរឡើង កូរ៉េខាងជើង និងសហរដ្ឋអាមេរិកវិញ បែរជាត្រូវបានគេមើលឃើញថា មានភាពល្អក់កករនឹងគ្នាបន្តិចទៅវិញ ក្រោយជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ និងដៃស្ដាំរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោក គីម យ៉ុង ចុល (Kim Yong Chol) ត្រូវបានលើកពេល ដោយគ្មានការបញ្ជាក់មូលហេតុច្បាស់លាស់។
គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិកូរ៉េខាងត្បូង ទីក្រុងសេអ៊ូលមានប៉ុស្ដិ៍យាមកាមនៅតំបន់ព្រំដែនចំនួន ៦០ ខណៈកូរ៉េខាងជើងមានប៉ុស្ដិ៍យាម ១៦០៕