(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប៉ាពួញូហ្គីណេ ព្រុយណេ និងហ្វីលីពីន ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២១ ខែវិច្ឆិកា ហើយលោកនឹងចូលរួមផងដែរក្នុងកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APEC ពីថ្ងៃទី១៧ ដល់ទី១៨ ខែវិច្ឆិកា នៅរដ្ឋធានី ផតម៉ូរែស្បាយ (Port Moresby) របស់ប៉ាពូញូហ្គីណេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។
គម្រោងទស្សនកិច្ចខាងលើនេះត្រូវបានប្រកាសឲ្យដឹង តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង (Lu Kang) នាព្រឹកថ្ងៃចន្ទនេះ។ បើតាមសេចក្តីប្រកាស ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប៉ាពួញូហ្គីណេ លោកប្រធានាធិបតីចិននឹងឆ្លៀតឱកាសជួបពិភាក្សាការងារ ជាមួយបណ្តាមេដឹកនាំប្រទេសដីកោះនៅប៉ាស៊ីហ្វិក ដែលមានចំណងការទូតជាមួយទីក្រុងប៉េកាំងថែមទៀតផង។
គួរជម្រាបថា ដំណើរទស្សនកិច្ចរបស់លោកនឹងធ្វើឡើង ក្រោមការអញ្ជើញពីសំណាក់ប្រមុខរដ្ឋប៉ាពូញូហ្គីណេ លោក បុប ដាឌែ (Bob Dadae) និងនាយករដ្ឋមន្រ្តីប៉ាពូញូហ្គីណេ លោក ភីធើ អូនែល (Peter O'Neill) ព្រមទាំងព្រះចៅស៊ូលតង់ព្រុយណេ ហាស្សាណាល់ បូលខៀ (Hassanal Bolkiah) រួមជាមួយប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ។ លោក ស៊ី ត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំ APEC ដោយលោក O'Neill៕