(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន មានជីវិតឯកជនមួយដែលគេគ្រប់គ្នាដឹងតិចតួចបំផុត ហើយក្នុងនាមជាអតីត ទីភ្នាក់ងារស៉ើបការសំងាត់ KGB លោកផ្ទាល់ក៏ធ្លាប់បានអះអាងដែរថា លោកមិនចូលចិត្តបើកកកាយរឿងផ្ទាល់ខ្លួនរបស់លោក នោះទេ។ «ខ្ញុំមានជីវិតឯកជនរបស់ខ្ញុំ ហើយខ្ញុំមិនចង់ឱ្យនរណាម្នាក់លូកដៃចូលឡើយ...ដូច្នេះវាគួរតែមានការគោរព»។ នេះគឺ ជាសម្ដីរបស់លោក ពូទីន។
ប៉ុន្តែ ភាពអាថ៌កំបាំងនៃជីវិតឯកជននេះបានបង្កើតជាសំណួជាច្រើនថាតើលោក ពូទីន រៀបការរួចហើយឬនៅ? ជាក់ស្ដែង នាឱកាសចូលរួមក្នុងពិធីរំលឹកខួបលើកទី១០០ នៃការបញ្ចប់សង្រ្គាមលោកលើកទី០១ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១១ ខែវិច្ឆិកាកន្លងទៅ គេមិនឃើញជំទាវទីមួយរបស់លោក ពូទីន ដូចបណ្ដាមេដឹកនាំដទៃឡើយ ដែលតែងតែនាំ ភរិយាទៅជាមួយ។
* លោក ពូទីន រៀបការហើយឬនៅ?
បច្ចុប្បន្នអ្វីដែលគេដឹងគឺថាលោក ពូទីន មិនទាន់រៀបការនៅឡើយទេ ហើយក៏មិនមានការប្រកាសជាផ្លូវការណាមួយដែរ។ ប៉ុន្តែ ជាការពិតលោក ពូទីន ធ្លាប់មានភរិយាម្នាក់។ លោក ពូទីន ធ្លាប់មានភរិយាម្នាក់ឈ្មោះ Lyudmila Shkrebneva ដែលជាអតីត បុគ្គលិកអាកាសចរណ៍ក្រុមហ៊ុន Aeroflot និងបានរស់នៅជាមួយគ្នាជាង៣០ឆ្នាំ។ អ្នកទាំងពីរបានជួបគ្នាក្នុងពេលលោក ពូទីន នៅជាទីភ្នាក់ងារស៉ើបការណ៍សំងាត់ KGB និងបានរៀបការជាមួយគ្នាក្នុងទីក្រុង St. Petersburg កាលពីឆ្នាំ១៩៨៣។
ក្រោយមកទៀត នៅចុងទសវត្សរ៍ឆ្នាំ៨០ លោក ពូទីន បានឈប់ធ្វើជា KGB រីឯលោកស្រី Lyudmila បានក្លាយជាគ្រូបង្រៀន
អក្សរសាស្ត្រម្នាក់នៅឯសាកលវិទ្យាល័យ Leningrad State University ពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៤។ រហូតដល់ ឆ្នាំ២០០០ ឆ្នាំដែលលោកពូទីន ឡើងកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី លោកស្រី Lyudmila បានក្លាយជាជំទាវទី១របស់លោក។ ប៉ុន្តែ នៅខែមិថុនា ឆ្នាំ២០១៣ ជីវិតអាពាហ៍ពិពាហ៍រវាងអ្នកទាំងពីរត្រូវបានបញ្ចប់ ហើយការលែងលះគ្នាត្រូវបានប្រកាសជាផ្លូវការ នៅខែមេសា ឆ្នាំ២០១៤។
* ពូទីនមានកូនដែរឬទេ?
លោក វ៉ា្លឌីមៀ ពូទីន និងលោកស្រី Lyudmila មានកូនស្រីពីរនាក់ ឈ្មោះ Mariya និង Yekaterina។ កូនស្រីឈ្មោះ Yekaterina កើតនៅឆ្នាំ១៩៨៥ ក្នុងទីក្រុង Dresden អតីតប្រទេសអាល្លឺម៉ង់ខាងកើត ពោលឺនៅពេលលោកពូទីន បាន ឈរជើងនៅទីនោះ ក្នុងនាមជា KGB។ ចំណែកឯ អ្នកនាង Mariya កើតនៅឆ្នាំ១៩៨៦ ក្នុងទីក្រុង St. Petersburg ប្រទេសរុស្ស៉ី៕
ប្រភព៖ Metro