(សេអ៊ូល)៖ ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយតូចរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កាលពីសប្ដាហ៍មុន គឺជាទង្វើរំលោភ ទាំងស្រុងលើកិច្ចព្រមព្រៀងនាពេលថ្មីៗនេះ សំដៅកាត់បន្ថយភាពតានតឹងផ្នែកយោធានៅលើឧបទ្វីបកូរ៉េ។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។
កាលពីសប្ដាហ៍មុន កងម៉ារីនអាមេរិក និងកូរ៉េខាងត្បូង៥០០នាក់ បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយតូចមួយ ដែលស្ថិតនៅក្នុង ចំណោមសមយុទ្ធយោធារួមគ្នា ដែលទីក្រុងវ៉ាស៉ីនតោន និងទីក្រុងសេអ៊ូល សម្រេចចិត្តផ្អាកកាលពីខែមិថុនាកន្លងទៅ ជាថ្នូរនឹង ការបើកកិច្ចចរចាជាមួយកូរ៉េខាងជើង។ ដោយឡែក ជុំវិញសមយុទ្ធយោធានេះដែរ សារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun បានថ្កោលទោសយ៉ាងខ្លាំង ដោយចាត់ទុកវាថាគឺជាការរំលោភលើកិច្ចព្រមព្រៀងរវាងទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង។
Rodong Sinmun បានលើកឡើងដូច្នេះថា៖«ការធ្វើសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន គឺជាទង្វើរំលោភលើកិច្ចព្រមព្រៀងកាលពីថ្ងៃទី១៩ ខែកញ្ញា ដែលត្រូវបានចុះហត្ថលេខាដោយកូរ៉េខាងត្បូង និងកូរ៉េខាងជើង ក្នុងគោលបំណងបញ្ឈប់រាល់សកម្មភាពប្រឈមមុខដាក់គ្នាទាំងអស់....ហើយមិនតែប៉ុណ្ណោះវាក៏ប្រឆាំងផងដែរនឹងកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ ដែលមានគោលដៅបន្ធូរបន្ថយភាពតានតឹងផ្នែកយោធានៅលើឧបទ្វីបកូរ៉េ»។ តែទោះជាយ៉ាង ណាក៏ដោយ ទីក្រុងសេអ៊ូល បានទាត់ចោលការថ្កោលទោសរបស់កូរ៉េខាងជើង ដោយអះអាងថាសមយុទ្ធដែលខ្លួនធ្វើជាមួយ សហរដ្ឋអាមេរិក គឺគា្រន់តែជាសមយុទ្ធទ្រង់ទ្រាយតូចមួយប៉ុណ្ណោះ។
គួរបញ្ជាក់ថា កូរ៉េខាងជើង កាលពីសប្ដាហ៍មុន បានព្រមានថាខ្លួននឹងអនុវត្តគោលនយោបាយផលិតអាវុធនុយក្លេអ៊ែរឡើងវិញ បើសិនជាទីក្រុងវ៉ាស៉ីនតោន មិនព្រមដកទណ្ឌកម្មសេដ្ឋកិច្ចពីទីក្រុងព្យុងយ៉ាងទេនោះ។ ចំណែកឯ មន្ត្រីជាន់ខ្ពស់អាមេរិក ជាច្រើននាក់ក៏បានសន្យាដែរថាទណ្ឌកម្មនឹងមិនត្រូវបានបន្ធូរបន្ថយ ឬដកចេញជាដាច់ខាត រហូតទាល់តែកូរ៉េខាងជើងរំសាយ អាវុធនុយក្លេអ៊ែរចោលទាំងស្រុងជាមុនសិន៕