(វ៉ាស៉ីនតោន)៖ កូរ៉េខាងជើងនៅតែបន្តការអភិវឌ្ឍ កម្មវិធីមីស៉ីលបាលីស្ទីគរបស់ខ្លួននៅឡើយ ដោយក្នុងនោះមានទីតាំងផលិត មីស៊ីល និងអាវុធនុយក្លេអ៊ែរជាច្រើននៅទូទាំងប្រទេស នៅតែបន្តដំណើរការជាសងាត់។ នេះបើតាមរបាយការណ៍ថ្មីមួយ ដកស្រង់ដោយសារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
របាយការណ៍ខាងលើ ត្រូវបានចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយមជ្ឈមណ្ឌសម្រាប់ការសិក្សាអន្តរជាតិ និងយុទ្ធសាស្ត្រ (CSIS) មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ CSIS ផ្អែកលើការវិភាគលើរូបភាពពីផ្កាយរណប បានបញ្ជាក់ទៀតថា ទីតាំងផលិតមីស៉ីល និងអាវុធនុយក្លេអ៊ែរចំនួន ១៣ទីតាំង ក្នុងចំណោម ២០ទីតាំង នៅទូទាំងប្រទេស នៅតែបន្តធ្វើសកម្មភាពជាសំងាត់ និងត្រូវបានកូរ៉េខាងជើងលាក់បាំងនៅតាមតំបន់ភ្នំដាច់ស្រយ៉ាល។
ប៉ុន្តែយ៉ាងណាក៏ដោយ របាយការណ៍ថ្មីនេះមិនត្រូវបានអាជ្ញាធរអាមេរិកទទួលស្គាល់នៅឡើយទេ ខណៈរបាយការណ៍ដដែលក៏បានបង្ហាញពីការសង្ស័យផងដែរ ចំពោះការអះអាងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលថាកូរ៉េខាងជើងកំពុងរំសោយអាវុធនុយក្លេអ៊ែរ តាមការសន្យាក្រោយជំនួបកំពូលជាមួយលោក គីម ជុងអ៊ុន នៅក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនា កន្លងទៅ។
គួរបញ្ជាក់ថា ការចេញផ្សាយរបាយការណ៍របស់ CSIS កើតមានឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានព្រមានថា នឹងដំណើរការគោលនយោបាយផលិតអាវុធនុយក្លេអ៊ែរឡើងវិញ បើសិនជាទីក្រុងវ៉ាស៉ីនតោន មិនព្រមដកទណ្ឌកម្មសេដ្ឋកិច្ចទេនោះ៕