(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក New York Times បានរាយការណ៍ថា ឃាតកម្នាក់ក្នុងចំណោមក្រុមឃាតក ដែលជាភ្នាក់ងារសម្ងាត់មកពីអារ៉ាប៊ីសាអូឌីត បានទូរស័ព្ទទៅកាន់ថ្នាក់លើម្នាក់ក្នុងរយៈពេលដ៏ខ្លីមួយ បន្ទាប់ពីអ្នកកាសែតលោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) ត្រូវបានសម្លាប់ និងបានប្រាប់ថ្នាក់លើរូបនេះឱ្យប្រាប់ចៅហ្វាយរបស់គេថា «បេសកកម្មបានបញ្ចប់ដោយជោគជ័យ»។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
សេចក្ដីរាយការណ៍ខាងលើរបស់ New York Times ធ្វើឡើងដោយផ្អែកលើប្រភពពីមនុស្ស ០៣នាក់ ដែលបានដឹងពីខ្សែអាត់សំឡេង ពាក់ព័ន្ធនឹងការសម្លាប់លោក Khashoggi ក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគីកាលពីថ្ងៃទី០២ ខែតុលា ដែលប្រមូលបានដោយទីភ្នាក់ងារស៉ើបការណ៍សំងាត់តួកគី។ សារព័ត៌មានអាមេរិកមួយនេះបានឱ្យទៀតថា ទោះបីជាមិនមានការលើកឈ្មោះចំៗក៏ដោយ តែមន្ត្រីអាមេរិកជាច្រើននាក់ជឿជាថា «ពាក្យថាចៅហ្វាយរបស់អ្នក» គឺចង់សំដៅទៅលើព្រះអង្គម្ចាស់រាជទាយាទ មហាំម៉ាត់ ប៊ិន សាល់ម៉ាន់ តែម្តង។
លើសពីនេះទៅទៀត ក្រុមមន្ត្រីស៉ើបការសំងាត់អាមេរិកក៏ជឿជាក់ផងដែរថា ខ្សែអាត់សំឡេងនេះនឹងក្លាយជាភស្ដុងតាងមួយយ៉ាង រឹងមាំអាចចោទប្រកាន់ព្រះអង្គម្ចាស់ ប៊ិនសាល់ម៉ាន់ ថាជាអ្នកបញ្ជាឱ្យគេសម្លាប់លោក Khashoggi ខណៈសាកសពរបស់លោក មិនទាន់ត្រូវបានគេរកឃើញនៅឡើយទេ បើទោះជាមានការអះអាងថា សាកសពត្រូវបានកាប់ចិញ្ច្រាំ រួចយកទៅបោះចោលក្នុងព្រៃក៏ដោយ។
គួរបញ្ជាក់ថា បើតាមប្រភពដដែលប្រាប់កាសែត New York Times ទីភ្នាក់ងារអារ៉ាប៊ីសាអូឌីតឈ្មោះ ម៉ាហឺ អាប់ឌុលឡាស៊ីស មូត្រេប (Maher Abdulaziz Mutreb) ដែលជាមនុស្សម្នាក់ស្ថិតនៅក្នុងចំណោមមនុស្ស ១៥នាក់ ត្រូវបានគេបញ្ជូនមកកាន់ទីក្រុងអ៊ីស្ដង់ប៊ូល ដើម្បីសម្លាប់លោក Khashoggi គឺជាអ្នកនិយាយទូរស័ព្ទខាងលើជាភាសាអារ៉ាប់ ជាមួយថ្នាក់លើអារ៉ាប៊ីសាអូឌីតម្នាក់ ដែលក្រុមមន្ត្រីតួកគីជឿជាក់ថា ជាមនុស្សជំនិតរបស់ព្រះអង្គម្ចាស់រាជទាយាទ។ លោក Mutreb គឺជាមន្ត្រីសន្តិសុខម្នាក់ ដែលតែងតែធ្វើដំណើរទៅណាមកណាជាមួយព្រះអង្គម្ចាស់ ប៊ិនសាល់ម៉ាន់ ជាញឹកញាប់ផងដែរ៕