(វ៉ាស៊ីនតោន)៖ CNN ដែលជាបណ្តាញផ្សព្វផ្សាយសារព័ត៌មានដ៏ធំនៅសហរដ្ឋអាមេរិក កំពុងតែរៀបចំដាក់ពាក្យបណ្តឹងប្រឆាំងនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមទាំងមន្រ្តីជំនិតៗមួយចំនួនទៀតរបស់លោក ដោយស្នើឲ្យអ្នកកាសែត CNN លោក Jim Acosta អាចចូលយកព័ត៌មាននៅសេតវិមានបានដូចមុនវិញភ្លាមៗ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយសារព័ត៌មាន CNN នៅយប់ថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការប្តឹងផ្តល់នេះគឺជាការឆ្លើយតបរបស់ CNN ចំពោះការសម្រេចចិត្តរបស់សេតវិមាន ក្នុងការដកហូតប័ណ្ណចូលយកព័ត៌មាននៅទីនោះរបស់លោក Acosta កាលពីសប្តាហ៍មុន។ CNN បានគូសបញ្ជាក់ថា សិទ្ធិសេរីភាពនៃសារព័ត៌មានរបស់ CNN ត្រូវបានរំលោភបំពានដោយសារតែបម្រាមនេះ។ បើតាមអ្នកនាំពាក្យ CNN ពាក្យបណ្តឹង កំពុងត្រូវរៀបចំបញ្ជូនទៅកាន់តុលាការអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
នៅក្នុងពាក្យបណ្តឹងខាងលើ ស្ថានីយទូរទស្សន៍ CNN និង លោក Acosta គឺជាដើមបណ្តឹង ខណៈចុងបណ្តឹងមានចំនួន០៦នាក់ រួមមានលោក ត្រាំ, ប្រធានខុទ្ទកាល័យសេតវិមានលោក John Kelly, អ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders, អនុប្រធានខុទ្ទកាល័យសេតវិមានទទួលបន្ទុកផ្នែកទំនាក់ទំនង លោក Bill Shine, ប្រធានទីភ្នាក់ងារអង្គរក្សប្រធានាធិបតីអាមេរិក (Secret Service) លោក Joseph Clancy, និងភ្នាក់ងារ Secret Service ដែលបានដកហូតប័ណ្ណចេញ-ចូលសេតវិមានរបស់លោក Acosta កាលពីថ្ងៃពុធសប្តាហ៍មុន។
គួរជម្រាបថា កាលពីសប្តាហ៍មុននាអំឡុងការធ្វើសន្និសីទសារព័ត៌មាន នៅក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក លោក Acosta ដែលជាប្រធានឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមានរបស់ CNN ត្រូវបានលោក ដូណាល់ ត្រាំ ហៅថា «ជាមនុស្សឈ្លើយនិងអាក្រក់បំផុត»។ ភាពតានតឹងបានកើតឡើង នៅពេលបុគ្គលិកសេតវិមានម្នាក់បានព្យាយាមទាញក្បាលមេក្រូពី លោក Acosta នៅអំឡុងពេលតតាំងមតិជាមួយលោក ត្រាំ។ ប៉ុន្តែអ្នកសារព័ត៌មានរូបនេះ មិនព្រមប្រគល់ក្បាលមេក្រូ ហើយតែបន្តចោទសួរលោក ត្រាំ ដដែល រីឯវីដេអូនៃឧប្បដិហេតុត្រូវបានគេចែកចាយនៅលើបណ្ដាញអ៊ីនធើណែត៕