(វ៉ាស៉ីនតោន)៖ ជំទាវទីមួយអាមេរិក លោកស្រី មេឡានៀ ត្រាំ (Melania Trump) បានស្នើឱ្យបណ្ដេញមន្ត្រីសន្តិសុខជាតិជាន់ខ្ពស់ម្នាក់ចេញពីតំណែង ហើយសំណើនេះធ្វើឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីស្វាមីរបស់លោកស្រី គឺលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បណ្ដេញអគ្គរដ្ឋអាជ្ញាអាមេរិក លោក ចេហ្វ សេសសិនស៍ (Jeff sessions) ចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
អ្នកនាំពាក្យរបស់លោកស្រី Melania Trump គឺលោកស្រី ស្ទេហ្វានី គ្រីសហាំ (Stephanie Grisham) បានបញ្ជាក់យ៉ាងខ្លីនៅក្នុងសេចក្ដីថ្លែងការណ៍ នៅថ្ងៃអង្គារសប្ដាហ៍នេះថា «នេះគឺជាគោលជំហរនៃការិយាល័យលោកស្រីជំទាវទីមួយ ដែលយល់ថា លោកស្រី មីរ៉ា រីខាឌែល (Mira R. Ricardel) មិនសាកសមបន្តធ្វើការការ នៅក្នុងសេតវិមាននេះតទៅទៀតទេ»។ ក៏ប៉ុន្តែភ្លាមៗគេមិនទាន់ដឹងថា ហេតុអ្វីបានជា
លោកស្រី Melania ចង់បណ្ដេញលោកស្រី Ricardel ពីតំណែងជាទីប្រឹក្សាសន្តិសុខជាតិរងរបស់លោក ចន បូលតុន (John Bolton) នោះទេ។
គួរបញ្ជាក់ថា បើតាមកាសែត Washington Post ដោយផ្អែកលើមន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់ លោកស្រី Ricardel នឹងត្រូវ បណ្ដេញចេញពីតំណែងតាមការស្នើរបស់លោកស្រី Melania Trump៕