(ញូយ៉ក)៖ អភិបាលក្រុង​ញូយ៉ក លោក បៀល ឌែ ប្លាស៊ីយ៉ូ (Bill de Blasio) បាន​និយាយថា ការសម្រេចចិត្តសាងសង់​ទីស្នាក់ការថ្មីមួយក្នុង​ទីក្រុង​ញូយ៉ករបស់ក្រុមហ៊ុន Amazon នឹងនាំមក​នូវប្រាក់ជាង ១៣ពាន់លានដុលា្លរ ក្នុងវិស័យពន្ធ​ក៏ដូចជាបង្កើត​ការងារជាច្រើន សម្រាប់ប្រជាជន​ក្នុងទីក្រុងមួយនេះ​ផងដែរ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

ថ្លែងនៅលើ Twitter នៅថ្ងៃ​ពុធនេះ លោក Bill de Blasio បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងគិតគូរថា តើត្រូវធ្វើយ៉ាង ដូចម្ដេច​ដើម្បីឱ្យអ្នករស់នៅ​ក្នុងទីក្រុងញូយ៉ក ទទួលបាន​ផលចំណេញ... ដូច្នេះការសម្រេចចិត្ត​របស់ក្រុមហ៊ុន Amazon ក្នុងការ សាងសង់​ទីស្នាក់ការរបស់ខ្លួន​ក្នុងទីក្រុងញូយ៉ក នឹងនាំមកនូវ​ប្រាក់ចំណូលពន្ធ ១៣.៥ពាន់លានដុល្លារ និងបង្កើត​ការងារ ៤០,០០០កន្លែង»។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ ក្រុមហ៊ុន Amazon បានប្រកាសថា ខ្លួនបានជ្រើសរើសយក​ទីក្រុងញូយ៉ក និងទីក្រុង អាលីងតុន (Arlington) នៃរដ្ឋ​វើជីនៀ (Virginia) ជាទីតាំងសម្រាប់កសាងទីស្នាក់ការ​ថ្មីរបស់ខ្លួន ដែលនឹង​បង្កើតការងារ ២៥,០០០កន្លែង សម្រាប់​ប្រជាជនអាមេរិក​​រស់នៅក្នុង​តំបន់៕