(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ត្រូវគេ​រាយការណ៍ថា បានជជែកគ្នា​ឡើងតឹងសរសៃក​​​ជាមួយ​នាយករដ្ឋមន្រ្តី​អង់គ្លេស លោកស្រី ថេរ៉េសា ម៉ាយ (Theresa May) ដែលបានទូរស័ព្ទ​មក​កាន់លោក ដើម្បីអបអរ​​ចំពោះលទ្ធផល​​​នៃការបោះឆ្នោតសភា​ពាក់កណ្តាល​អាណត្តិ ទាំងដែលលោក ត្រាំ កំពុងស្ថិតនៅលើយន្តហោះពិសេស Air Force One​​។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញ​ដោយសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀល​ថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

បើតាមសេចក្តីរាយការណ៍​របស់កាសែត​អាមេរិក Washington Post បានឲ្យដឹងថា លោក ត្រាំ បាន​ទាស់​​សម្តីគ្នា​ជា​មួយ​លោក​ស្រី May ក្នុងពេលនិយាយទូរស័ព្ទ​នៅតាមផ្លូវធ្វើដំណើរតាម​យន្តហោះ Air Force One ឆ្ពោះទៅកាន់ទីក្រុង​ប៉ារីស​​កាលពីថ្ងៃសុក្រ​សប្តាហ៍មុន។ នាពេលនោះ​លោក ត្រាំ បានរិះគន់ខ្លាំងៗ​លើ​​លោកស្រី May ជុំវិញភាព​អសកម្ម​របស់ចក្រភពអង់គ្លេស​ ទៅលើ​ប្រទេស​​អឺរ៉ុង់ ហើយលោក​បានជជីកសួរ​លោកស្រី​អំពី​កិច្ចព្រមព្រៀង ​​ដកអង់គ្លេសចេញពី​សហភាពអឺរ៉ុប (Brexit) និង​បាន​ត្អូញ​ត្អែរ​​អំពី​ទំនាក់ទំនង​វិស័យពាណិជ្ជកម្ម​អឺរ៉ុប-អាមេរិក​ថែមទៀត។

គួរជម្រាបថា សហរដ្ឋអាមេរិក​បានដាក់ចេញនូវកញ្ចប់​ទណ្ឌកម្មទីពីរ ដែលមានទ្រង់ទ្រាយធំ​ប្រឆាំងនឹងអ៊ីរ៉ង់​​ កាលពី​​សប្តាហ៍មុន ខណៈកញ្ចប់​ទីមួយបានចូលជាធរមាន​កាលពីខែសីហា បន្ទាប់ពី​​លោក ត្រាំ បានបញ្ជាឲ្យ​ដកអាមេរិក​​​ចេញ​ពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីខែឧសភា ឆ្នាំ២០១៧។ សម្រាប់ប្រទេស​ដទៃទៀត​នៅក្នុងកិច្ច​ព្រមព្រៀង​ គឺ​សុទ្ធ​តែបាន​អះអាងថា អ៊ីរ៉ង់បានបន្តគោរព​តាម​​គ្រប់លក្ខខណ្ឌ​ទាំងអស់ នៃ​កិច្ចព្រមព្រៀង​នេះ៕