​(អ៉ីស្រាអែល)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Avigdor Lieberman បានសម្រេចចិត្តលាលែងចេញពីតំណែងហើយ បន្ទាប់ពីគណៈរដ្ឋមន្ត្រីរបស់លោកទទួលយកបទឈប់បាញ់ជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក Avigdor Lieberman បានចាត់ទុកថាបទឈប់បាញ់ជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន គឺជាការឱនក្បាលចំពោះពួក ភេរវករ ហើយលោកក៏បានបញ្ជាក់ថា គណបក្ស Yisrael Beiteinu របស់លោកអាចនឹងដើរចេញពីក្រុមចំរុះនៃគណបក្សកាន់ អំណាចសព្វថ្ងៃរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក ណឺតាន់យ៉ាហ៊ូ។

គួរបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់០៨នាក់ បានស្លាប់កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ នៅក្នុងការវាយប្រយុទ្ធគ្នារវាងយោធា អ៉ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ ក៏ប៉ុន្តែ បទឈប់បាញ់មួយត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ ហើយសាលារៀន និងហាងទំនិញជាច្រើននៃភាគខាងត្បូងអ៉ីស្រាអែល បានបើទ្វារឡើងវិញ ក្រោយគ្មានការបាញ់គ្រាប់រ៉ូក្កែត៕