(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមទស្សនា និងបញ្ជាដោយផ្ទាល់ការធ្វើតេស្ដអាវុធថ្មីមួយបំពាក់ ដោយបច្ចេកវិទ្យាខ្ពស់ ខណៈកំពុងមានភាពតានតឹងជាមួយសហរដ្ឋអាមេរិក និងមានការសង្ស័យជាច្រើនថារបបដឹកនាំ ទីក្រុងព្យុងយ៉ាង នៅតែបន្តលួចលាក់អភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ នេះបើតាម KCNA ដកស្រង់ការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ធ្វើសេចក្ដីរាយការណ៍បែបនេះនៅចំពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងជើងត្រូវបាន គេមើលឃើញថាហាក់ដូចជាមានភាពតានតឹងនឹងគ្នាឡើងវិញ បន្ទាប់ពីទីក្រុងព្យុងយ៉ាង ព្រមានថានឹងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ឡើងវិញ បើទីក្រុងវ៉ាស៊ីនតោនមិនព្រមដកទណ្ឌកម្មសេដ្ឋកិច្ចចេញទេនោះ។ KCNA បានគូសបញ្ជាក់បន្ថែមនៅក្នុង
បទអត្ថាធិប្បាយរបស់ខ្លួននៅថ្ងៃសុក្រនេះ ដូច្នេះថា៖«មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមទស្សនា និងបញ្ជា ដោយផ្ទាល់ការធ្វើតេស្ដអាវុធថ្មីមួយបំពាក់ដោយបច្ចេកវិទ្យាខ្ពស់ នៅឯរាជបណ្ឌិតសភាវិទ្យាសាស្ត្រការពារជាតិ»។
គួរបញ្ជាក់ថា បើតាម KCNA ការធ្វើតេស្ដអាវុធថ្មីខាងលើគឺធ្វើឡើងប្រកបដោយជោគជ័យ។ ក៏ប៉ុន្តែ សារព័ត៌មានរដ្ឋ កូរ៉េខាងជើងមួយនេះមិនបានបញ្ជាក់ថាជាប្រភេទអាវុធអ្វីនោះទេ ដោយគ្រាន់តែអះអាងថាវាមិនមែនជាមីស៊ីលរយៈចំងាយឆ្ងាយ ហើយក៏មិនមែនជាប្រភេទអាវុធនុយក្លេអ៊ែរដែរ៕