(វ៉ាស៉ីនតោន)៖ យោធាអាមេរិកមានគំរោងកាត់បន្ថយចំនួនកងទ័ព ដែលកំពុងធ្វើប្រតិបត្តិការប្រឆាំងនឹងភេរវកម្ម នៅក្នុងតំបន់អាហ្រ្វិកនារយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ ដើម្បីគាំទ្រដល់យុទ្ធសាស្ត្រការពារជាតិរបស់មន្ទីរបញ្ចកោណក្នុងការទប់ទល់នឹងការគំរាមកំហែងពីចិន និងរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
កាលពីដើមឆ្នាំ២០១៨ មន្ទីរបញ្ចកោណធ្លាប់បានប្រកាសថា ការទប់ស្កាត់ការពង្រីកឥទ្ធិពលរបស់ចិន និងរុស្ស៊ី គឺជាអាទិភាពមួយរបស់សហរដ្ឋអាមេរិក។ ក៏ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ គឺគំរោងកាត់បន្ថយចំនួនកងទ័ពអាមេរិកនៅពេលនេះ ធ្វើឡើងនៅក្នុង បរិបទដែលចិនកាន់តែបង្កើនវត្តមានរបស់ខ្លួន នៅក្នុងតំបន់អាហ្វ្រិក។
ដោយឡែកជុំវិញការសម្រេចចិត្តនេះដែរ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកស្រី ខេនដាយស៍ ត្រេស (Candice Tresch) បានគូសបញ្ជាក់ដូច្នេះថា «ការកាត់បន្ថយចំនួនកងទ័ពអាមេរិក នឹងត្រូវធ្វើឡើងក្រោម ១០ភាគរយ នៃចំនួនកងទ័ព ៧,២០០នាក់ ក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខនេះ»។
តែយ៉ាងក៏ដោយ លោកស្រី Tresch បានអះអាងថា ការកាត់បន្ថយចំនួនកងទ័ពនេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការ ប្រឆាំងភេរវកម្មនៅតាមបណ្ដាប្រទេសអាហ្រិ្វកដូចជា សូម៉ាលី ជីប៊ូទី និងលីប៊ីនោះទេ ហើយកងទ័ពមេរិកអាចនឹងផ្ដល់ប្ដូរការផ្ដល់ជំនួយបច្ចេកទេសទៅជាជំនួយប្រឹក្សាវិញ ព្រមទាំងការចែករំលែកព័ត៌មានសំងាត់ជាដើម។
គួរជម្រាបថា បច្ចុប្បន្ន ចិនបានបង្កើនវត្តមានយោធា និងការវិនិយោគយ៉ាងច្រើននៅក្នុងតំបន់អាហ្វ្រិក។ ជាក់ស្ដែងកាលពីឆ្នាំ ២០១៥ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ផ្ទាល់បានប្រកាសជាសាធារណៈថា នឹងផ្ដល់ជំនួយ និងកម្ចី ៦០ពាន់ដុល្លារ ដល់ បណ្ដាប្រទេសអាហ្វ្រិក ដើម្បីជួយពួកគេក្នុងការអភិវឌ្ឍទ្វីបអាហ្វ្រិកទាំងមូល។ លើសពីនេះទៅទៀតនៅឆ្នាំ២០១៧ ចិនថែមទាំងបង្កើតមូលដ្ឋានទ័ពជាលើកដំបូងនៅបរទេស គឺក្នុងប្រទេសជីប៊ូទីទៀតផង៕