(ពិភពលោក)៖ សហរដ្ឋអាមេរិកបានចំណាយជិត៦សែនកោដិដុល្លារលើសង្គ្រាមដែលបានរួមចំណែកដោយផ្ទាល់ដល់ការស្លាប់បាត់បង់ជីវិតមនុស្សប្រហែលកន្លះលាននាក់ ចាប់តាំងពីព្រឹត្តិការណ៍វាយប្រហារនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១មក នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន NewsWeek ចេញផ្សាយនាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
វិទ្យាស្ថាន Watson ដើម្បីកិច្ចការអន្តរជាតិ និងកិច្ចការសាធារណៈ នៃសកលវិទ្យាល័យ Brown បានចេញរបាយការណ៍ប្រចាំឆ្នាំស្តីពីការចំណាយលើសង្គ្រាមដោយគិតគូរទាំងការចំណាយរបស់មន្ទីរបញ្ចកោណ និងគណនីប្រតិបតិ្តការសង្គ្រាមក្រៅប្រទេស ព្រមទាំងការចំណាយទាក់ទងនឹងសង្រ្គាម ដែលចំណាយដោយក្រសួងការបរទេស ការចំណាយលើការមើលថែរក្សាទាហានជើងចាស់ ការប្រាក់លើបំណុលដែលបានចំណាយក្នុងពេលធ្វើសង្គ្រាម និងការទប់ស្កាត់ ក៏ដូចជាឆ្លើយតបចំពោះភេរវកម្មរបស់ក្រសួងសន្តិសុខមាតុភូមិ។
របាយការណ៍នេះបានបង្ហាញថា «សហរដ្ឋអាមេរិកមានកាតព្វកិច្ចចំណាយប្រាក់ប្រមាណ៥,៩ សែនកោដិដុល្លារ (គិតជាដុល្លារបច្ចុប្បន្ន) លើសង្គ្រាមភេរវកម្ម ក្នុងឆ្នាំសារពើពន្ធ២០១៩ រួមទាំងការចំណាយលើសង្គ្រាមដោយផ្ទាល់ និងការចំណាយនានាដែលពាក់ព័ន្ធនឹងសង្គ្រាម ព្រមទាំងកាតព្វកិច្ចសម្រាប់ការចំណាយលើអតីតយុទ្ធជន ក្រោយព្រឹត្តិការណ៍១១កញ្ញា ២០១១ផងដែរ។
ក្នុងរបាយការណ៍បានសន្និដ្ឋានថា «ជារួម ថ្លៃចំណាយខ្ពស់ក្នុងសង្គ្រាម និងការចំណាយនានាពាក់ព័ន្ធនឹងសង្គ្រាម បង្កឱ្យមានការព្រួយបារម្ភផ្នែកសន្តិសុខជាតិជាខ្លាំង ពីព្រោះការចំណាយទាំងនេះមិនមាននិរន្តភាពឡើយ។ សាធារណជនគួរតែទទួលបានភាពប្រសើរជាងនេះ តាមរយៈការបង្កើនតម្លាភាព និងបង្កើតយុទ្ធសាស្ត្រទូលំទូលាយមួយដើម្បីបញ្ចប់សង្គ្រាម និងការដោះស្រាយបញ្ហាសន្តិសុខជាតិជាបន្ទាន់ផ្សេងទៀត ជាជាងការចំណាយលើសង្គ្រាម" ។
សហរដ្ឋអាមេរិកបានចាប់ផ្តើមសង្រ្គាមសកលលោកប្រឆាំងអំពើភេរវកម្ម បន្ទាប់ពីការវាយប្រហារនៅថ្ងៃទី១១ កញ្ញា ដែលបានសម្លាប់មនុស្សជិត៣ពាន់នាក់ ក្រោមគម្រោងការរៀបចំចំឡើងដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមអាល់កៃដា។ ប៉ុន្មានសប្តាហ៍ក្រោយមក សហរដ្ឋអាមេរិកបានដឹកនាំការវាយលុកប្រទេសអាហ្វហ្គានីស្ថាន ដែលនៅពេលនោះកំពុងស្ថិតក្រោមការគ្រប់គ្រងដោយក្រុមអាល់កៃដាជាសម្ព័ន្ធមិត្តរបស់ពួកតាលីបាន។ នាខែមីនា ឆ្នាំ២០០៣ ទីក្រុងវ៉ាស៊ីនតោន បានទម្លាក់ប្រធានាធិបតី ស៊ែរដាមហ៊ូសេន ដោយចោទប្រកាន់លោកថាបានផលិតអាវុធប្រល័យលោក និងព្រមទាំងបានផ្ដល់កន្លែងជ្រកកោនដល់ក្រុមភេរវករ។
ទោះបីជាមានការទទួលជ័យជម្នះយ៉ាងលឿនបែបនេះក្តី ក៏កងទ័ពអាម៉េរិក ត្រូវបានញាំញីដោយចលនាបះបោរជាបន្តបន្ទាប់ក្នុងប្រទេសទាំងអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ ទើបសហរដ្ឋអាមេរិក បានពង្រីកប្រតិបត្តិការប្រឆាំងភេរវកម្មនៅទូទាំងតំបន់ ក្នុងប្រទេសមួយចំនួន ដូចជា លីប៊ី ប៉ាគីស្ថាន សូម៉ាលី និងយេម៉ែន។ នៅឆ្នាំ២០១៤ សហរដ្ឋអាមេរិកបានបង្កើតសម្ព័ន្ធមិត្តចម្រុះដើម្បីទប់ទល់ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម (ISIS) ដែលបានកើតចេញពីចលនាបះបោរឥស្លាមមូស្លីម និកាយស៊ុននី នៅក្នុងប្រទេស អ៊ីរ៉ាក់ និងក្រោយមកបានរីករាលដាលទៅកាន់ប្រទេសស៊ីរី និងប្រទេសជិតខាង។
របាយការណ៍កាលពីថ្ងៃពុធនេះ បានរកឃើញថា «យោធាសហរដ្ឋអាមេរិកកំពុងធ្វើសកម្មភាពប្រឆាំងភេរវកម្មនៅក្នុងប្រទេសចំនួន៧៦ប្រទេស ឬស្មើនឹង៣៩ភាគរយ នៃប្រជាជាតិរបស់ពិភពលោកទាំងមូល ដោយបានពង្រីកបេសកកម្មរបស់ខ្លួននៅទូទាំងពិភពលោក។ លើសពីនេះទៀតនោះ ប្រតិបត្តិការទាំងនេះក៏មានការរំលោភសិទិ្ធមនុស្ស និងសេរីភាពពលរដ្ឋ ទាំងនៅសហរដ្ឋអាមេរិក និងនៅបរទេសផងដែរ»។
ជារួម អ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា «មនុស្សចន្លោះពី៤៨០ពាន់នាក់ទៅ៥០៧ពាន់នាក់នៅក្នុងប្រទេស អ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ត្រូវបានសម្លាប់នៅក្នុងសង្គ្រាម បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញា»។ ចំនួនអ្នកស្លាប់នេះមិនរាប់បញ្ចូលទាំងមនុស្សជាង ៥០០ពាន់នាក់ផ្សេងទៀត ដែលបានស្លាប់ដោយសារសង្គ្រាមនៅក្នុងប្រទេសស៊ីរី ចាប់តាំងពីឆ្នាំ២០១១មក បន្ទាប់ពីមានចលនាបះបោរ និងក្រុមជីហាដ ប្រឆាំងរដ្ឋាភិបាល ដែលជាសម្ព័ន្ធមិត្តរបស់ប្រទេសរុស្ស៊ី និងអ៊ីរ៉ង់។ នៅឆ្នាំដដែលនោះសម្ព័ន្ធមិត្តយោធាណាតូលោកខាងលិចដែលដឹកនាំដោយអាមេរិកបានធ្វើអន្តរាគមន៍នៅក្នុងប្រទេសលីប៊ី ព្រមទាំងជួយផ្តួលរំលំមេដឹកនាំ ហ្គាដាហ្វី ដែលជាមេដឹកនាំដ៏យូរអង្វែងមកហើយនោះ ទើបបន្សល់ទុកនូវសង្គ្រាមស៊ីវិលក្នុងប្រទេសបន្តមកដល់បច្ចុប្បន្ន។ សម្រាប់សហរដ្ឋអាមេរិក សរុបចំនួនមនុស្សដែលបានស្លាប់ ក្នុងប្រតិបត្តិការសង្គ្រាមក្នុងប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងប៉ាគីស្ថានរួមាន មានទាហាន៦,៩៥១នាក់ ជនស៊ីវិល២១នាក់ និងមន្ត្រីជាប់កិច្ចសន្យា៧,៨២០នាក់។
បន្ថែមពីនេះទៀតនោះ ចំនួននៃអ្នកស្លាប់ខាងលើក៏មិនបានរាប់បញ្ចូលទាំងការស្លាប់ដោយប្រយោល ជាក់ស្តែងដូចជា បញ្ហាសុខភាពមនុស្សនៅក្នុងតំបន់សង្រ្គាម ការបាត់បង់លទ្ធភាពទទួលបានស្បៀង ទឹក សម្ភារៈ ការថែទាំសុខភាព អគ្គីសនី ឬហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតជាដើម។
កាលពីខែកុម្ភៈកន្លងទៅនេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានប៉ាន់ប្រមាណថា សហរដ្ឋអាមេរិកបានចំណាយប្រាក់៧សែនកោដិដុល្លារ នៅក្នុងតំបន់មជ្ឈឹមបូព៌ា ទាំងបាននិយាយថា «តើវាមានអ្វីខុស» ទាក់ទងនឹងរឿងមនុស្សស្លាប់ក្នុងសង្គ្រាមបែបនេះ។ ប៉ុន្មានសប្តាហ៍ក្រោយមក លោកបានរាយការណ៍ប្រាប់ទីប្រឹក្សាយោធារបស់លោកឱ្យរៀបចំផែនការដកខ្លួនចេញពីប្រទេសស៊ីរី បន្ទាប់ពីសង្គ្រាមប្រឆាំងនឹងក្រុម ISIS បានចូលដំណាក់កាលចុងក្រោយ ខណៈដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីន បានពង្រីកបេសកកម្មរបស់ខ្លួនដើម្បីប្រឆាំងប្រទេស អ៊ីរ៉ង់ និងសម្ព័ន្ធមិត្ត ដែលសកម្មភាពនេះត្រូវបានរដ្ឋាភិបាលស៊ីរី និងសម្ព័ន្ធមិត្តចាត់ទុកថាជារឿងខុសច្បាប់៕