(ម៉ូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានអះអាងថា គ្មានឡើយការប្រគល់ដោយស្វ័យប្រវត្តិនូវដែនកោះជម្លោះទៅឱ្យជប៉ុន នៅក្នុងជំនួបរវាងមេដឹកនាំនៃប្រទេសទាំងពីរ នៅដើមឆ្នាំក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Dmitry Peskov ធ្វើការកត់សម្គាល់បែបនេះប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និងជាប្រតិកម្មតបតទៅនឹងសេចក្ដីរាយការណ៍ដែលថា ទីក្រុងម៉ូស្គូអាចនឹងប្រគល់ដែនកោះជម្លោះចំនួនពីរ នៃទីប្រជុំកោះ ឃើរាល (Kurils) មកឱ្យទីក្រុងតូក្យូវិញ។ លោក Peskov បានលើកឡើងយ៉ាងដូច្នេះថា «តើអ្នកអាចនិយាយបានទេថា រុស្ស៊ីធ្លាប់មានន័យថា ចង់ប្រគល់កោះជម្លោះមួយចំនួនទៅឱ្យជប៉ុន ដោយស្វ័យប្រវត្តិនោះ? ជាការពិតណាស់ រឿងបែបនេះនឹងមិនអាចកើតឡើងជាដាច់ខាត»។
ការលើកឡើងរបស់រុស្ស៊ីខាងលើនេះ គឺចង់សំដៅទៅលើការបកស្រាយកាលពីពេលថ្មីៗនេះរបស់ជប៉ុន ទៅលើសេចក្តីថ្លែងការណ៍រួមរវាងរុស្ស៊ី និងជប៉ុនកាលពីឆ្នាំ១៩៥៣ ដែលជប៉ុនអះអាងថា នឹងមានការប្រគល់ប្រជុំកោះ Kurils ឲ្យជប៉ុនវិញដោយស្វ័យប្រវត្តិនោះ។ ជុំវិញបញ្ហានេះមន្ត្រីរុស្ស៊ីបានសង្កត់ធ្ងន់ថា «យោងតាមសេចក្តីថ្លែងការណ៍រួមខាងលើ ប្រទេសរុស្ស៊ី (អតីតសហភាពសូវៀត) ពីដើមឡើយបានយល់ព្រមប្រគល់កោះចំនួនពីរក្នុងចំណោមប្រជុំកោះ Kurils ប៉ុន្តែជប៉ុនបានប្រកែក ដោយខ្លួនចង់បានរហូតដល់ ០៤កោះ ទើបជប៉ុនមិនព្រមចុះហត្ថលេខាបង្កើតសន្ធិសញ្ញាសន្តិភាព រួមគ្នាជាមួយរុស្ស៊ីនៅគ្រានោះឡើយ»។
គួររំលឹកថា កាលពីខែកញ្ញាកន្លងទៅប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បានលើកឡើងថា ប្រទេសជប៉ុន និងរុស្ស៊ីអាចនឹងចុះហត្ថលេខាមួយលើសន្ធិសញ្ញាសន្តិភាព នៅក្នុងឆ្នាំ២០១៨នេះ ដោយគ្មានការកំណត់លក្ខខណ្ឌទុកជាមុន ប៉ុន្តែទីក្រុងតូក្យូបានទាមទារឱ្យមានការដោះស្រាយ បញ្ហាជម្លោះទឹកដីនៅលើទីប្រជុំកោះ Kuril ជាមុនសិន៕