(អង់ការ៉ា)៖ ក្រុមឃាតកដែលសម្លាប់លោក ចាម៉ាល់ ខានហូកជី (Jamal Khashoggi) ប្រហែលជាបានយកបំណែកសាកសពអ្នកកាសែតរូបនេះដាក់ក្នុងវ៉ាល្លី ដើម្បីយកចេញពីប្រទេសតួកគី។ នេះបើតាមរដ្ឋមន្ត្រីការពារជាតិតួកគី លោក ហ៊ូលូស៊ី អាខារ (Hulusi Akar) ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងនៅឯសន្និសីទអន្តរជាតិមួយក្នុងទីក្រុង ហាលីហ្វាក (Halifax) ប្រទេសកាណាដា កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) លោក Akar បានលើកឡើងយ៉ាងដូច្នេះថា «ក្រុមឃាតកបានចាកចេញពីប្រទេសតួកគី ៣ ទៅ ៤ម៉ោង បន្ទាប់ពីពួកគេសម្លាប់លោក Khashoggi រួច... ហើយពួកគេទំនងជាបានដាក់បំណែកសាកសពអ្នកកាសែតរូបនេះ ចូលក្នុងវ៉ាល្លី យកទៅជាមួយដោយគ្មានបញ្ហា ដោយសារតែពួកគេមានមានអភ័យឯកសិទ្ធិការទូត»។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរតួកគី ទីភ្នាក់ងារអារ៉ាប៊ីសាអូឌីត ១៥នាក់ ក្នុងនោះរួមមានទាំងអ្នកជំនាញបំបាត់ភស្ដុតាង ០២នាក់ គឺមានពាក់ព័ន្ធនឹងការសម្លាប់ និងកាត់សាកសពអ្នកកាសែតរូបនេះជាកង់ៗ ហើយប្រើទឹកអាស៉ីដដើម្បីរំលាយសាកសព។ លោក Khashoggi ត្រូវបានគេរាយការណ៍ថា ត្រូវបានគេសម្លាប់នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគី កាលពីថ្ងៃទី០២ ខែតុលា ប៉ុន្តែមកទល់នឹងពេលនេះសាកសពរបស់លោក មិនដឹងជានៅទីណានោះឡើយ៕