(ឡុងដ៍)៖ អ្នកចរចារបស់សហភាពអឺរ៉ុបស្ដីពីដំណើរការ Brexit លោក មីឈែល បានីអឺ (Michel Barnier) បានស្នើឱ្យមានការពន្យារពេលរយៈពេលពីរឆ្នាំបន្ថែមទៀត ដើម្បីឱ្យអង់គ្លេសបន្ដស្ថិតនៅក្នុងទីផ្សារអឺរ៉ុបតែមួយ និងពន្ធគយរួម ខណៈរដ្ឋាភិបាលទីក្រុងឡុងដ៍កំពុងខ្វែងគំនិតគ្នា លើកិច្ចព្រមព្រៀងលែងលះជាមួយសហភាពអឺរ៉ុប នៅឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Barnier ធ្វើការស្នើបែបនេះនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យ ដោយលោកថែមទំាងបានបញ្ជាក់ដែរថា អ្នកតំណាងអឺរ៉ុបភាគច្រើនបានព្រមព្រៀងយកខែឆ្នូ ឆ្នាំ២០២២ ឱ្យទីក្រុងឡុងដ៍ចាកចេញពីសហភាពអឺរ៉ុប។ ម្យ៉ាងវិញទៀតបើសំណើរនេះ ត្រូវបានទទួលយកមែននោះ អង់គ្លេសនឹងបន្តទទួលយកការធ្វើដំណើរដោយសេរី របស់ប្រជាជនក្នុងតំបន់អឺរ៉ុប ក៏ដូចជាចូលរួមចំណែកឯបង់វិភាគទានប្រចាំឆ្នាំ ១០ពាន់លានផោន (១២.៨ពាន់លានដុល្លារ) ដល់កញ្ចប់ថវិកានៃសហភាពអឺរ៉ុប។
ប៉ុន្តែទន្ទឹមគ្នានឹងសេចក្ដីរាយការណ៍នេះដែរ កងកម្លាំងយោធាពិសេសអង់គ្លេស ក៏ត្រូវបានគេរាយការណ៍ផងដែរថា បានបង្កើតគំរោងមួយក្នុងការដាក់ពង្រាយយោធានៅតាមទីក្រុងជាច្រើន ដើម្បី ទប់ស្កាត់ភាពចលាចលណាមួយក្នុងករណីដែលអង់គ្លេស ប្រកាសចាកចេញពីសហភាពអឺរ៉ុប (Brexit) ជាផ្លូវការ ដោយមិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងព្រុចសែល។
យោងតាមកាសែតអង់គ្លេស The Times គំរោងអន្តរគមន៍ជាបន្ទាន់របស់យោធាអង់គ្លេស គឺធ្វើឡើងដើម្បីរក្សាសណ្ដាប់ធ្នាប់ និងបញ្ចៀសភាពចលាចល នៅពេលដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ដោយគ្មានកិច្ចព្រមព្រៀង។ មិនតែប៉ុណ្ណោះផ្អែកលើគំរោងនេះ យោធាអង់គ្លេសប្រហែលជា ១០,០០០នាក់ នឹងធ្វើសកម្មភាពភ្លាមៗផងដែរ ក្នុងការផ្ដល់ជំនួយដល់កងកម្លាំងប៉ូលិស រួមទាំង ចាត់វិធានការនានាសំដៅដោះស្រាយបញ្ហា និងរក្សាសណ្ដាប់ធ្នាប់។
គួរជម្រាបថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានប្រកាសថា រដ្ឋាភិបាលរបស់លោកស្រីបានអនុម័តលើគំរោងនៃកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបស្ដីពី Brexit។ ក៏ប៉ុន្តែ ក្រុមមន្ត្រីដែលធ្វើការពាក់ព័ន្ធនឹង Brexit ជាច្រើននាក់ បានលាលែងចេញពីតំណែងជាបន្តបន្ទាប់ ដោយសារតែមិនពេញចិត្តនឹងគំរោងរបស់លោកស្រី May។ អង់គ្លេសនឹងត្រូវចាកចេញពីសហភាពអឺរ៉ុប នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ៕