(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ បានទាត់ចោលរបាយការណ៍មួយដែលថាទីក្រុងម៉ូស្គូ មានគំរោងបើកមូលដ្ឋាន យោធារបស់ខ្លួនឡើងវិញនៅក្នុងប្រទេសគុយបា ដែលនឹងនាំឱ្យសង្រ្គាមត្រជាក់រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ផ្ទុះឡើងជាថ្មី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
ប្រតិកម្មរបស់ក្រសួងការបរទេសរុស្ស៊ី កើតមានឡើងបន្ទាប់ពីសារព័ត៌មានអង់គ្លេស Daily Star ដោយផ្អែកលើប្រភពពីមូលនិធិ Jamestown Foundation មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន បានឱ្យដឹងថាបណ្ដាប្រទេសលោកខាងលិចមានការព្រួយបារម្ភ ជាខ្លាំងថាទីក្រុងម៉ូស្គូអាចនឹងបើកមូលដ្ឋានទ័ពនៅប្រទេសគុយបាឡើងវិញ ដើម្បីជាការសងសឹកនឹងសហរដ្ឋអាមេរិកដែលបាន ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ INF។
គួរបញ្ជាក់ថា បើតាម Daily Star ស្ថានភាពរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី អាចនឹងវិញត្រឡប់ទៅរកសម័យវិបត្តិមីស៊ីលនៅ គុយបា ឆ្នាំ១៩៦២វិញ ជាពេលដែលមហាអំណាចពិភពលោកទាំងពីរប្រឈមមុខដាក់គ្នារហូតជិតផ្ទុះសង្រ្គាមលោកលើកទី៣ នៅក្នុងករណីដែលរុស្ស៊ីបើកមូលដ្ឋានទ័ពនៅគុយបាឡើងវិញ៕