(ម៉ូស្គូ)៖ សហរដ្ឋអាមេរិកតែងតែមានទម្លាប់មួយគឺ រិះគន់ ថ្កោលទោស ឬដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងបណ្ដាប្រទេសទាំងឡាយណា ដែលខ្លួនចាត់ទុកថាជាប្រទេសគ្មានលិទ្ធិប្រជាធិបតេយ្យ និងសេរីភាព។ ប៉ុន្តែទីក្រុងវ៉ាស៉ីនតោន ក៏ត្រូវបានគេ
មើលឃើញផងដែរថា នៅតែបន្តផ្ដល់ជំនួយផ្នែកយោធាដល់ប្រទេស ដែលអ្នកឃ្លាំមើលសិទ្ធិមនុស្សអាមេរិកយល់ថា ជារបបផ្ដាច់ការទៅវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។
Freedom House ជាអង្គការក្រៅរដ្ឋាភិបាលមួយមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៤១ និងទទួល ជំនួយស្ទើរតែទាំងស្រុងពីរដ្ឋាភិបាលអាមេរិក បានចេញផ្សាយនូវរបាយកាណ៍ថ្មីមួយ នៅក្នុងសប្ដាហ៍នេះស្ដីពីប្រទេសដែលត្រូវបានចាត់ថ្នាក់ជាប្រទេសមានសេរីភាព សេរីភាពពាក់កណ្ដាល ឬក៏មិនមានសេរីភាព។ នៅក្នុងរបាយការណ៍របស់ខ្លួន Freedom House បានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តភាគច្រើនគឺជាប្រទេសសេរី ខណៈរុស្ស៊ី និងចិនជាប្រទេសមិនមានសេរីភាព ហើយប្រទេសចំនួន ៣៥ ក្នុងចំណោមប្រទេស ៤៩ ឬស្មើនឹង ៧១ ភាគរយ គឺជាអតិថិជនទិញអាវុធពីសហរដ្ឋអាមេរិក និងកំពុងទទួលជំនួយផ្នែកយោធាពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។
លើសពីនេះទៅទៀត ប្រទេសចំនួន ២០ ក្នុងចំណោមប្រទេសទាំងនេះទៀតសោត មានប្រទេសមួយចំនួនត្រូវបានចាត់ទុកថា ជាប្រទេសគ្មានសេរីភាពបំផុត តែទទួលបានជំនួយយោធាពីអាមេរិកដូចជា អារ៉ាប៊ីសាអូឌីត សូម៉ាលី, Turkmenistan, អ៊ូបេគីស្ថាន, សាធារណរដ្ឋអាហ្វ្រិកកណ្ដាល និងលីប៊ីជាដើម។
គួរបញ្ជាក់ថា បើតាម Freedom House ប្រទេសដែលមានការរឹតដ្បិតសេរីភាពខ្លាំងបំផុត និងមានទំនាក់ទំនងមិនល្អជាមួយសហរដ្ឋអាមេរិក គឺវេណេស៊ុយអេឡា រុស្ស៊ី ចិន អ៊ីរ៉ង់ និងកូរ៉េខាងជើង។
របាយការណ៍ខាងលើនេះហាក់ដូចជាចង់បញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យ ឬសេរីភាព មិនមែនជាគោលដៅពិតប្រាកដនៃការរឹតបន្តឹងរបស់ សហរដ្ឋអាមេរិកនៅលើពិភពលោកនោះឡើយ ហើយអ្វីដែលពិតប្រាកដនោះ គឺសហរដ្ឋអាមេរិកគិតគូរទៅលើ ប្រទេសដែលជាមិត្តជិតស្និទ្ធនឹងសត្រូវរបស់ខ្លួន និងប្រទេសដែលអាមេរិកចាត់ទុកជាទីទាំងយុទ្ធសាស្ត្រនយោបាយដ៏សំខាន់ ដែលខ្លួនត្រូវតែចងមិត្តជាជាងសត្រូវ ដោយមិនសូវខ្វល់ពីរឿងផ្ទៃក្នុងនៃប្រទេសទាំងអស់នោះឡើយ៕