(វ៉ាស៊ីនតោន)៖ ទីបំផុតសេតវិមានអាមេរិកនាថ្ងៃចន្ទសប្តាហ៍នេះ បានសម្រេចអនុញ្ញាតឲ្យអ្នកសារព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍ CNN លោក ជីម អាកូស្តា (Jim Acosta) ចូលយកព័ត៌មានដូចដើមវិញហើយ ប៉ុន្តែក៏មានការដាក់ចេញនូវបទវិន័យមួយចំនួនសម្រាប់អ្នកកាសែតដែលចូលរួមក្នុងសន្និសីទសារព័ត៌មាន នៅឯសេតវិមានផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។
អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ាហ៍ សេនដឺស៍ (Sarah Sanders) បានឲ្យដឹងថា ប័ណ្ណចូលយកព័ត៌មាននៅឯសេតវិមានរបស់លោក Acosta ដែលត្រូវបានដកហូត បន្ទាប់មានការកើតមានរឿងចម្រូងចម្រាស អំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នោះត្រូវបានប្រគល់ឲ្យអ្នកកាសែតរូបនេះវិញហើយ ប៉ុន្តែចាប់ពីពេលនេះតទៅអ្នកកាសែតទាំងឡាយណា ដែលមិនគោរពតាមបទវិន័យ នៃការចូលរួមសន្និសីទសារព័ត៌មានក៏អាចត្រូវដកហូតប័ណ្ណចូលយកព័ត៌មានដូចគ្នាផងដែរ។
នៅក្រោមបទវិន័យរបស់សេតវិមាន នៅពេលអនុញ្ញាតឲ្យសួរសំណួរ គឺអាចសួរបានតែមួយសំណួរប៉ុណ្ណោះ រួចទុកឲ្យអ្នកកាសែតដទៃទៀតជាអ្នកសួរម្តង។ សំណួរទី ២ ទី ៣ ក៏អាចមានផងដែរ ប្រសិនបើមានការអនុញ្ញាតពីលោកប្រធានាធិបតី។ តាមរយៈការសម្រេចខាងលើរបស់សេតវិមាន ស្ថានីយទូរទស្សន៍ CNN ក៏បានសម្រេចដកពាក្យបណ្តឹង ដែលខ្លួនបានដាក់ចេញវិញដែរ។
គួរជម្រាបថា នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី០៧ ខែវិច្ឆិកា លោក ត្រាំ បានខឹងសម្បារជាខ្លាំង នៅពេលលោក Acosta ជជីកសួរអំពីរឿងស៊ើបអង្កេតលើករណីរុស្ស៉ី ចូលលូកលាន់កិច្ចការបោះឆ្នោតនៅអាមេរិកឆ្នាំ២០១៦ និងអំពីរឿងលំហូរជនភៀសខ្លួន ដោយលោក ត្រាំ បានប្រាប់ថា «បានហើយឈប់សួរ» ប៉ុន្តែលោក Acosta នៅតែចចេស ខណៈដែលបុគ្គលិកសេតវិមានម្នាក់ ព្យាយាមទាញក្បាលមេក្រូចេញពីអ្នកកាសែត CNN រូបនេះ៕