(ម៉ិចស៉ីកូ)៖ អាជ្ញាធរអាមេរិក បានសម្រេចចិត្តប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងជនអន្តោប្រវេសន៍ ដែលព្យាយាម ឆ្លងព្រំដែនដោយខុសច្បាប់ពីទីក្រុង Tijuana នៃប្រទេសម៉ិចស៉ីកូ ចូលមកកាន់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
CNN ផ្អែកលើប្រភពអ្នកសារព័ត៌មានពីរនាក់ដែលស្ថិតនៅកន្លែងកើតហេតុក្នុងទីក្រុង Tijuana កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុង តំបន់) បានឱ្យដឹងថា នៅក្រោយពេលដែលអាជ្ញាធរសហព័ន្ធ និងប៉ូលិសម៉ិចស៉ីកូ រារាំងមិនឱ្យជនអន្តោប្រវេសន៍មួយក្រុម ធ្វើដំណើរមកកាន់ព្រំដែនអាមេរិក-ម៉ិចស៉ីកូ មានជនអន្តោប្រវេសន៍មួយចំនួន នៅតែបន្តសម្រុកចូលមកកាន់តំបន់ San Ysidro នៃទីក្រុង San Diego របស់សហរដ្ឋអាមេរិក រហូតបង្ខំឱ្យអាជ្ញាធរអាមេរិក ប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីទប់ស្កាត់ អ្នកទាំងនេះ។
លើសពីនេះទៅទៀត ក្រោយការប៉ះទង្គិចគ្នានេះ អាជ្ញាធរអាមេរិកក៏បានបិទព្រំដែននៃតំបន់ San Ysidro ជាបណ្ដោះអាសន្ន ផងដែរ មុននឹងបើកវាឡើងវិញកាលពីរសៀលថ្ងៃអាទិត្យ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថានឹងបិទព្រំដែនភាគខាងត្បូង ជាប់ជាមួយប្រទេសម៉ិចស៊ីកូ នៅក្នុងករណីចាំបាច់ ហើយថាជនអន្តោប្រវេសន៍ទាំងអស់ ត្រូវរង់ចាំទទួលការវាយតម្លៃនៅ លើទឹកដីមិចស៊ីកូជាមុនសិន មុននឹងចង់ចូលមកកាន់សហរដ្ឋអាមេរិក៕