(ម៉ូស្គូ)៖ កងកម្លាំងរុស្ស៊ីបានបើកការបាញ់ប្រហារ និងរឹបអូសទូកអ៊ុយក្រែនចំនួន ០៣គ្រឿង នៅឯតំបន់ដែនសមុទ្រនៃឧបទ្វីបគ្រីមៀ ហើយដែលនេះគឺជាការប្រឈមមុខដាក់គ្នា ដ៏តានតឹងបំផុតរវាងប្រទេសទាំងពីរ នៅក្នុងឆ្នាំ២០១៨ នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមអាជ្ញាធរអ៊ុយក្រែន ទូកប្រដាប់ដោយកាំភ្លើង ០២គ្រឿង និងទូកល្បាតធម្មតាមួយគ្រឿងត្រូវបានភាគីរុស្ស៊ីរឹបអូស រីឯក្រុមនាវិកអ៊ុយក្រែនមួយចំនួនបានរងរបួស។ បន្ថែមពីលើនេះ ប្រទេសទាំងពីរបានបន្ទោស និងចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ខណៈនៅថ្ងៃចន្ទនេះសមាជិកសភាអ៊ុយក្រែននឹងបោះឆ្នោតសម្រេចថា តើត្រូវប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក ឬក៏យ៉ាងណា។ ដោយឡែកភាគីរុស្ស៊ីក៏បានស្នើកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិជាបន្ទាន់ផងដែរ។
គួរជម្រាបថា ភាពតានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ីបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីទីក្រុងម៉ូស្គូចោទថា ទូកអ៊ុយក្រែនទាំងបីគ្រឿងខាងលើបានចូលក្នុងតំបន់ដែនទឹករបស់ខ្លួនដោយខុសច្បាប់។ ក៏ប៉ុន្តែទន្ទឹមគ្នា អាជ្ញាធររុស្ស៊ីត្រូវបានគេរាយការណ៍ថា បានដាក់នាវាដឹកប្រេងដ៏ធំមួយគ្រឿងនៅក្រោមស្ពានមួយ នៃច្រកសមុទ្រឃើច (Kerch) ដែលច្រកចូលទៅកាន់ដែនសមុទ្រអាហ្សូវ (Azov) ជាប់ព្រំដែនទឹករវាងប្រទេសទាំងពីរ៕