(សិង្ហបុរី)៖ រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌាលោក សួរែស ប្រាពូ (Suresh Prabhu) បានលើកឡើងថា អង្គការពាណិជ្ជកម្មពិភពលោក (WTO) ត្រូវការកំណែទម្រង់ឡើងវិញ ប៉ុន្តែមិនគួរត្រូវរំសាយចោលជាដាច់ខាត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានសិង្ហបុរី Channel News Asia អ្នកនយោបាយជើងចាស់ឥណ្ឌារូបនេះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «អវត្តមាននៃអង្គការ WTO នឹងជាគ្រោះមហន្តរាយនៃវិស័យពាណិជ្ជកម្ម នៅលើពិភពលោកទាំងមូល»។
គួរជម្រាបថា ការលើកឡើងរបស់លោក Prabhu ត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីខែសីហា កន្លងទៅនេះ បានព្រមានដើរចេញពីអង្គការពាណិជ្ជកម្មអន្តរជាតិ ដែលមានសមាជិក ១៦៤ ប្រទេស ខណៈដែលមានការរិះគន់លេចឡើង ជុំវិញការធ្វើសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលប្រទេសជាច្រើនអះអាងថា បាននិងកំពុងធ្វើឲ្យពិភពលោកទាំងមូលជួបគ្រោះថ្នាក់៕