(ហាណូយ)៖ អាជ្ញាធរវៀតណាមបានឱ្យដឹងថា ព្យុះទីហ្វុងយូសាជិ (Usagi) ដែលបាននិងកំពុងវាយប្រហារតំបន់ភាគខាងត្បូងនៃប្រទេស ជាមួយការបង្កជាគ្រោះរអិលបាក់ដី និងបានផ្ដាច់យកជីវិតមនុស្សម្នាក់ ព្រមទាំងបំផ្លាញផ្លូវថ្នល់ ទូកនានា ព្រមទាំងផ្ទះសម្បែងប្រជាជនរាប់សិបខ្នង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរវៀតណាម ព្យុះទីហ្វុង Usagi បានវាយប្រហារតែតាំងពីថ្ងៃអាទិត្យមកម្ល៉េះ លើតំបន់ភាគខាងត្បូងប្រទេសវៀតណាម រាប់ចាប់ពីខេត្ត បារៀវង់តូ (Ba Ria Vung Tau) រហូតដល់ខេត្តប៊ិនត្រេ (Ben Tre) មុនក្លាយជាព្យុះត្រូពិច ក៏ដូចជាបានសម្លាប់បុរសម្នាក់ នៅក្នុងទីក្រុងហូជីមីញដោយសារដើមឈើរលំសង្កត់ ខណៈរូបគេកំពុងជិះម៉ូតូតាមផ្លូវ។
អាជ្ញាធរវៀតណាមបានបញ្ជាក់ទៀតថា ព្យុះទីហ្វុង Usagi ក៏បានបំផ្លាញផ្ទះ ៥១ខ្នង ទូក ៤៦គ្រឿង និងបង្កជាគ្រោះរអិលបាក់ដី ព្រមទាំងភ្លៀងធ្លាក់ខ្លាំង ជន់លិចផ្ទៃដីដាំដុះ ៧១៨ហិកតាផងដែរ ស្របពេលផ្លូវជាតិប្រវែង ១.៥គីឡូម៉ែតរងការខូចខាត។ មិនតែប៉ុណ្ណោះ ព្យុះទីហ្វុងនេះ ថែមទាំងបានបង្ខំសាលារៀនជាច្រើនក្នុងទីក្រុងហូជីមិញ និងខេត្តនិញធ័ន (Ninh Thuan) ត្រូវបិទទ្វារជាបណ្ដោះអាសន្ននៅថ្ងៃចន្ទនេះ ដោយសារទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង។
គួររំលឹកថា កាលពីឆ្នាំ២០១៧ ព្យុះទីហ្វុងជាច្រើនបានផ្ដាច់ជីវិតមនុស្ស ៣៨៦នាក់នៅក្នុងប្រទេសវៀតណាម និងបំផ្លាញផ្ទះ ៦០០,០០០ខ្នង ព្រមទាំងបង្កការខូចខាតដល់សេដ្ឋកិច្ចជាតិ គិតជាទឹកប្រាក់ស្មើនឹង ២.៦ពាន់លានដុល្លារអាមេរិក៕