(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក រី យ៉ុងហូ (Ri Yong Ho) ត្រូវបានគេរាយការណ៍ថា នឹងបំពេញដំណើរទស្សនកិច្ចមួយទៅទីក្រុងហាណូយនៅក្នុងខែវិច្ឆិកានេះ ដើម្បីរៀនសូត្រពីគំរូនៃការធ្វើកំណែទម្រង់សេដ្ឋកិច្ចពីវៀតណាម។ ប៉ុន្តែទណ្ឌកម្ម
អន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន នឹងបង្កឧបសគ្គដល់កូរ៉េខាងជើង ក្នុងការដើរតាមជំហានរបស់វៀតណាម។
* ហេតុអ្វីបានជាកូរ៉េខាងជើងចង់បាន គំរូធ្វើកំណែទម្រង់សេដ្ឋកិច្ចតាមវៀតណាម?
វៀតណាមគឺជាប្រទេសដែលទាក់ទាញការវិនិយោគពីបរទេស ដើម្បីសម្រេចគោលដៅអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។ ចាប់តាំងពីកម្មវិធីកំណែទម្រង់សេដ្ឋកិច្ច «Doi Moi» ឬ «បើកចំហទ្វារ» ត្រូវបានដាក់ឱ្យប្រើប្រាស់ដោយរដ្ឋាភិបាលទីក្រុងហាណូយ សេដ្ឋកិច្ចវៀតណាមត្រូវបានគេមើលឃើញថា មានកំណើនជាបន្តបន្ទាប់ រហូតដល់សម្រេចបាននូវកំណើនខ្ពស់នៃផលិតផលក្នុងស្រុកសរុប ដែលជាប់ចំណាត់ថ្នាក់លេខ ៣ នៅអាស៉ី។ នេះបើតាមសារព័ត៌មាន Financial Times។
ការចំរីកចំរើនយ៉ាងឆាប់រហ័សនេះឯង ដែលទំនងជាគំរូល្អមួយសម្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលអ្នកដឹកនាំមា្នក់មានគំនិតធ្វើ កំណែទម្រង់សេដ្ឋកិច្ចខ្លាំងជាងមេដឹកនាំកូរ៉េខាងជើងមុនៗ។ ម្យ៉ាងវិញទៀត បើតាមលោក យ៉ាង ម៉ាន់ស៊ូ (Yang Mun-su) ជាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យក្នុងទីក្រុងសេអ៊ូល ក៏បានសន្និដ្ឋានដែរថា កូរ៉េខាងជើងនឹងទទួលយកគំរូសេដ្ឋកិច្ចវៀតណាមដឹកនាំដោយ បក្សកុម្មុយនីស្ដដូចគ្នា ព្រោះវាអាចជួយពង្រឹងអំណាចផង និងអាចជួយដល់កំណើនសេដ្ឋកិច្ចផង។
* តើកូរ៉េខាងជើងអាចនឹងក្លាយជាប្រទេសវៀតណាមទី ២ ឬទេ?
សំណួរមួយនេះគេពិបាកនឹងឆ្លើយទៅរួចណាស់ ដ្បិតបច្ចុប្បន្នកូរ៉េខាងជើង កំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់អន្តរជាតិ ជាពិសេសគឺសហរដ្ឋអាមេរិក។ ទណ្ឌកម្មទាំងនេះឯងនឹងបង្កជាឧបសគ្គដល់ទីក្រុងព្យុងយ៉ាង ក្នុងការដើរតាមគំរូសេដ្ឋកិច្ច
វៀតណាម។ លើសពីនេះទៅទៀត ដោយសារតែទណ្ឌកម្មទាំងនេះទៀតសោត បានធ្វើឱ្យសេដ្ឋកិច្ចកូរ៉េខាងជើងមានកំណើនត្រឹមតែ ១ភាគរយប៉ុណ្ណោះ ខណៈសេដ្ឋកិច្ចវៀតណាមមានកំណើន ៧ភាគរយក្នុងមួយឆ្នាំ និងដើរហួសកូរ៉េខាងជើងឆ្ងាយពេកទៅហើយ។ នេះបើតាមធនាគារកណ្ដាលកូរ៉េខាងត្បូង។
តែទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញដូចជាលោក Yang Mun-su បានបង្ហាញការយល់ឃើញថា បើកូរ៉េខាងជើងធ្វើកំណែទម្រង់តាមវៀតណាមមែននោះ ភូមិសាស្ត្រនយោបាយនៅក្នុងប្រទេសកូរ៉េខាងជើង និងតំបន់ទាំងមូលអាចនឹងត្រូវផ្លាស់ប្ដូរ ពីព្រោះដើម្បីធ្វើដូច្នេះបានទីក្រុងព្យុយ៉ាងត្រូវតែបើកចំហជើងមេឃ និងបោះចោលអាវុធនុយក្លេអ៊ែរ ដើម្បីរួចផុតពីទណ្ឌកម្មសេដ្ឋកិច្ចជាមុនសិន៕